កម្ពុជា ២០១២
២០១២ ជាឆ្នាំ ដែលអាក្រក់ជាងគេ សម្រាប់ពិភពលោក ជាពិសេស
ប្រទេសក្នុងតំបន់អឺរ៉ុប ដែលកំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ និងនយោបាយ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស
ប្រជារាស្រ្តកម្ពុជា និងបណ្តាមិត្តភក្តិបរទេសលើពិភពលោក ក៏មានទុក្ខដ៏ក្រៀមក្រំ
និងក្តុកក្តួលបំផុតផងដែរ គឺការយាងចូលទិវង្គត របស់អតីតព្រះមហាក្សត្រខ្មែរ
ព្រះបាទសម្តេច នរោត្តម សីហនុ កាលពី
រាត្រី១៥រោជ ខែភទ្របទ ឆ្នាំរោង ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅប្រទេសចិន។
រាជរដ្ឋាភិបាលកម្ពុជា បានពណ៌នា
ក្នុងសាររំលែកព្រះរាជមរណទុក្ខថា បាត់បង់ព្រះរាជវត្តមាន ដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នាឱកាសនេះ គឺជាការបាត់បង់នូវតួអង្គ នៃអតីតអង្គព្រះមហាក្សត្រខ្មែរ
ដ៏មហាឆ្នើម គ្មានគូប្រដូចមួយព្រះអង្គ ដែលជានិច្ចកាលទ្រង់បានបំពេញ
នូវព្រះរាជបូជនីយកិច្ច
ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងថា ថ្វីបើព្រះរូបព្រះកាយរបស់ព្រះអង្គទម្លាយក្ខន្ធ
យាងទៅកាន់បរលោកហើយក្តី ប៉ុន្តែព្រះរាជលំអាន ព្រះវីរគំរូដ៏ល្អឆ្នើមរបស់អង្គសម្តេចឪ
ជាអម្ចាស់ ទ្រង់ស្ថិតនៅគង់វង្សជាអមតៈ ក្នុងមនសិការរបស់កុលបុត្រ កុលធិតាខ្មែរ និងជនរួមជាតិរបស់ព្រះអង្គ គ្រប់ស្រទាប់វណ្ណៈ។
ដើម្បីបំពេញកាតព្វកិច្ចឲ្យបានសមរម្យ និងថ្លៃថ្នូរទៅតាម
ព្រះកិត្តិយស ព្រះកិត្តិនាម ដ៏ល្បីល្បាញ ដែលព្រះអង្គបានសាង
និងបន្សល់ទុកនូវស្នាព្រះហស្ថជូនជាតិ មាតុភូមិ លើគ្រប់វិស័យ
និងមិនអាចកាត់ថ្លៃបាន ដូចជាការទាមទារ ឯករាជ្យពីអាណានិគមន៍បារាំងនៅថ្ងៃទី៩
ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងទាមទារប្រាសាទព្រះវិហារពីថៃ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២
នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនោះ រាជរដ្ឋាភិបាលបានខ្នះខ្នែង
យកចិត្តទុកដាក់អស់ពីដួងចិត្ត រៀបចំ និងចេញសេចក្តីណែនាំ
ឲ្យមានការរៀបចំព្រះរាជពិធីបុណ្យ និងកាន់ព្រះរាជមរណទុក្ខលើកទី១ រយៈពេល៧ថ្ងៃ
និង ប្រជារាស្រ្តនៅទូទាំងត្រូវទម្លាក់ទង់ជាតិមកត្រឹម១%៣ នៃដង និងព្រះបរមសព
ត្រូវតម្កល់នៅក្នុងព្រះបរមរាជវាំងមិនតិចជាង៣ខែដើម្បីផ្តល់ឱកាស
ឲ្យប្រជារាស្រ្តខ្មែរ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ
បានចូលក្រាបបង្គំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព អតីតព្រះមហាក្សត្រ រហូតដល់ព្រះបរមសពត្រូវបូរជា
ជាផ្លូវការតាមប្រពៃណីជាតិ។
រាជរដ្ឋាភិបាល ក៏បាន កំណត់យកថ្ងៃទី១៥ តុលា
ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ ប្រចាំឆ្នាំ ផងដែរ។
ប៉ុន្តែ ក្រៅពីការយាងចូលទិវង្គតរបស់អតីត ព្រះមហាក្សត្រ
ដែលជាទុក្ខមហាដ៏ធំធេង
របស់ប្រជារាស្រ្ត ចំពោះកម្ពុជា នៅឆ្នាំ១០១២នេះ
ហាក់មានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ ក្នុងនោះ គេសង្កេតឃើញមានសមិទ្ធផលធំៗមួយចំនួន
ដែលរាជរដ្ឋាភិបាលសម្រេចបានផងដែរ។
ស្ពានអាកាស៧ មករា ដែលស្ថិតនៅផ្លូវប្រសប់មន្ទីរពេទ្យព្រះកុសុមៈ
និងលើបណ្តោយផ្លូវសហព័ន្ធរុស្សី គឺជាសមិទ្ធផលដំបូងគេបង្អស់របស់រាជរដ្ឋាភិបាល
ប្រចាំឆ្នាំ២០១២។ ស្ពាននេះ ត្រូវបានកំណត់យកតាមថ្ងៃដែលចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិ
ទទួលជ័យជម្នះលើរបបខ្មែរក្រហម ៧មករា ឆ្នាំ១៩៧៩ និង សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន
។
ជាមួយគ្នានោះ ដោយមើលឃើញពីការកាន់តែបាត់បង់ទៅៗ
នៃធនធានមច្ឆាជាតិ និង ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នូវសម្បត្តិធម្មជាតិទាំងនេះ នៅថ្ងៃទី២៨កុម្ភៈ
ឆ្នាំ២០១២ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រិត្យមួយ
ស្តីពីការសាកល្បងលុបចោលជាបណ្តោះអាសន្ននូវឡូត៍នេសាទចំនួន៣៥ ស្មើ៥៦ភាគរយ
រយៈ៣ឆ្នាំ លើខេត្តចំនួន៥ ជុំវិញបឹងទន្លេសាប មានខេត្តសៀមរាប បាត់ដំបង កំពង់ធំ
កំពង់ឆ្នាំង និងពោធិ៍សាត់ផងដែរ។
ដោយមើលឃើញពីកំណើនគួរឲ្យកត់សម្គាល់ពីទិន្នផលនេសាទ
ដែលកើនឡើងខ្ពស់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១២ ក្នុងទិវា ដែលប្រារព្ធធ្វើឡើងនៅ
ភូមិបឹងធំ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ប្រមុខរាជរដ្ឋាភិបាល
បានប្រកាសលុបចោលជាផ្លូវការ និង ជាប្រវត្តិសាស្រ្ត រយៈ១០០ឆ្នាំចុងក្រោយនេះ នូវឡូត៍នេសាទទាំងអស់នៅទូទាំងប្រទេស
សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងកូនចៅជំនាន់ក្រោយ ។
នៅថ្ងៃទី២១ មីនា ២០១២ តបតាមការអញ្ជើញ
របស់ព្រះមហាក្សត្រខ្មែរ ជាកិត្តិយស ឯកឧត្តម ថេនសេន ប្រធានាធិបតី ប្រទេសមីយ៉ាន់ម៉ា
បានអញ្ជើញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងនៅថ្ងៃទី២៧
ខែមិថុនា កម្ពុជា ទទួលបាននូវមហាកិត្តិយសមួយទៀត គឺការយាងបំពេញទស្សនកិច្ច
ដ៏កម្ររបស់ព្រះអង្គម្ចាស់ណារុហ៊ីតូ (NARUHITO)រាជទាយាទ នៃប្រទេសជប៉ុនផងដែរ។
នៅថ្ងៃទី១៨
មេសា ឆ្នាំ២០១២ សំឡេងគោះជួង បើកឲ្យដំណើរការ នូវទីផ្សារភាគហ៊ុន ជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី
ហ៊ុន សែន ត្រូវបានធ្វើឡើង នៅម៉ោង ប្រមាណ៩ និង ៩នាទីព្រឹក។ ជាផ្សាមូលប័ត្រដំបូងគេបង្អស់
នៅកម្ពុជា ទោះបីមិនទាន់មានលក្ខណៈទូលំទូលាយក្តី តែទីផ្សារមូលប័ត្រនេះ ត្រូវគេរំពឹងថា
នឹងជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីក
ចម្រើនទៅមុខ។
អ្វី ដែលគួរឲ្យកត់សម្គាល់ខ្លាំងក្លាថែមទៀតនោះ
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ
កំពូលអាស៊ានជាលើកទីពីរ ប្រកបដោយជោគជ័យ រួមទាំងផ្នែកសុឲន្តិសុខ សុវត្ថិភាពផង។
កិច្ចប្រជុំនេះ បានចាប់ផ្តើមពីចុងខែមីនា ហើយក្រោមសម្របសម្រួលរបស់កម្ពុជា ជាលទ្ធផល
កិច្ចប្រជុំបានធ្វើឲ្យអាមេរិចសម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចពីមីយ៉ាន់ម៉ា និង
នៅថ្ងៃទី១៥កក្កដា ទោះបីមានការយឺតយ៉ាវក្តី កម្ពុជា ក៏បានធ្វើ
ឲ្យអាស៊ានចេញនូវសេចក្តីថ្លែការណ៍រួម ចំនួន៦ចំណុចទាក់ទង សមុទ្រចិនខាងត្បូង។
ដោយឡែក នៅថ្ងៃទី១៣កក្កដា ឆ្នាំ២០១២នេះផងដែរ
ក្រោមការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខ្លួនឯង នៅឯខេត្តសៀមរាប កិច្ចព្រមព្រៀងថ្មីមួយត្រូវបានធ្វើឡើងដោយសម្តេចតេជោហ៊ុន
សែន និងលោកជំទាវយីង ឡាក់ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ លើការដកកងទ័ពជំហានទីមួយ
ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ដោយដាក់ជំនួសមកវិញនូវកងកម្លាំងនគរបាលជាតិ
ដែលគ្មានអាវុធ។ ការដកកងទ័ពនេះ ធ្វើឡើងនៅថ្ងៃទី១៨ កក្កដា ហើយត្រូវបានអ្នកនាំពាក្យនាយករដ្ឋមន្រ្តីថៃ
លោក អនុសន អៀមសាអាត កោតសរសើរថា នេះមិនមែនជាជោគជ័យ ដែលមានតែមួយភាគីទេ ប៉ុន្តែជាជោគជ័យសម្រាប់ភាគីជម្លោះទាំងពីរភាគី
ដែលនឹងឈានទៅរកការបើតំបន់ទេសចរណ៍ នៃច្រកទ្វារប្រាសាទព្រះវិហារ។
ជាមួយគ្នានេះ ដើម្បីធ្វើឲ្យស្របច្បាប់ឡើងវិញ
នូវការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ជាង៣សែនគ្រួសារ ដែលមានបញ្ហាដីធ្លី លើទំហំផ្ទៃដីជាង១លានហិកតានៅទូទាំងប្រទេស
នៅថ្ងៃទី២៦ មិថុនា នៅសាលពិពរ័ណ៍កោះពេជ្រ ប្រមុខរាជរដ្ឋាភិបាល
បានចេញបទបញ្ជាលេខ ០១ ប.ប ឲ្យអនុវត្តតឹងរ៉ឹង នូវកំណែទម្រង់ដីធ្លី
ដែលអនុវត្តតាមនយោបាយចាស់សកម្មភាពថ្មី ក្នុងនោះក្រុមយុវជនស្ម័គ្រជាង១ពាន់នាក់ ត្រូវបានអនុញ្ញាត
និងផ្តល់អទិភាព ឲ្យធ្វើការសហាការជាមួយអាជ្ញាធរលើការងារនេះ។ នៅថ្ងៃទី២១ កញ្ញា
សម្តេចប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី ប្រគល់ប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លី
ជូនប្រជាពលរដ្ឋដោយផ្ទាល់ជាលើកដំបូង នៅស្រុកស្នួល ខេត្តក្រចេះ។ មិនតែប៉ុណ្ណោះ
ដើម្បីលុបបំបាត់ចម្ងល់ទាំងឡាយពីបញ្ហា ព្រំដែនកម្ពុជាវៀតណាម នៅថ្ងៃទី៩ ខែសីហា
ឆ្នាំ២០១២ វេលាម៉ោង ៨.៣០នាទីព្រឹក រយៈពេលជាង៥ម៉ោង សម្តេចហ៊ុន សែន
បានធ្វើការឆ្លើយតបដោយផ្ទាល់មាត់ នៅចំពោះមុខសមាជិករដ្ឋសភា និងប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈកញ្ចក់ទូរទស្សន៍ផងដែរ។
គឺជាការឆ្លើយតបលើកដំបូង ជាប្រវត្តិសាស្រ្តសម្រាប់មេដឹកនាំកម្ពុជាគ្រប់ជំនាន់ ចំពោះការទាមទាររបស់គណបក្សជំទាស់
ដែលសុំឲ្យមានការបំភ្លឺ ហើយក៏បានធ្វើឲ្យប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់គាំទ្រ នូវការពន្យល់ពីហេតុផលទាំងនេះ។
ជាមួយគ្នានេះ ទោះបីបញ្ហាវិបិត្តសេដ្ឋកិច្ចសកល
ទោះបីជានៅតំបន់អឺរ៉ុបជួបនូវវិបត្តិហិរញ្ញវត្ថុក្តី ប៉ុន្តែកម្ពុជា
បានរក្សាជញ្ជីងនេះឲ្យនៅមានលំនឹងដដែល និងមានកំណើនរហូតដល់៧,១% ដែលក្នុងនោះ
បានមកពីវិស័យកសិកម្ម ៤,១% វិស័យឧស្សាហកម្ម៧,៧% និងវិស័យសេវាកម្ម ៥,៤%។
សារលិខិតក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី២១ កញ្ញា
ឆ្នាំ២០១២ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា
សម្រាប់ផលិតផលក្នុងស្រុក បានកើនឡើងពី ៧៦០ដុល្លារក្នុងមួយឆ្នាំកាលពីឆ្នាំ២០០៨
ដល់៩៩០ដុល្លារនៅឆ្នាំ២០១២ ហើយរាជរដ្ឋាភិបាលរំពឹងថា កំណើនប្រាក់ចំណូលនេះ
នឹងកើនដល់១០៨០ដុល្លារសហរដ្ឋអាមេរិចនៅឆ្នាំ២០១៣។
ជាងនេះទៅទៀត អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ថែមទៀតនោះ គឺការចេញរបាយ
ការណ៍ថ្មីមួយរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅកាត់ថា អាយអអាយ(IRI) របស់
សហរដ្ឋអាមេរិចកាលពីថ្ងៃទី១០ ខែឧសភា បានរកឃើញថាប្រជាពលរដ្ឋប្រមាណ៧៧ភាគរយបានគំាទ្រ
ដោយនិយាយថា រាជរដ្ឋាភិបាលបានដើរលើផ្លូវត្រូវ។
ប៉ុន្តែអ្វី ដែល កាន់តែបង្ហាញកាន់តែមានមោទនភាព ចំពោះជាតិ និងអន្តរជាតិនោះ គឺ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០
ខែវិច្ឆិកលា ឆ្នាំ២០១២ កម្ពុជា ទទួលបានមហាកិត្តិយសមួយទៀតគឺការអញ្ជើញចូលរួមប្រជុំ
កំពូលអាស៊ានទី២១ របស់មេដឹកនាំពិភពលោក មានលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិច
លោក វេន ជាវបាវ នាយករដ្ឋមន្រ្តីចិន លោកយូស៊ីហ៊ីកូ ណូដា
នាយករដ្ឋមន្រ្តីជប៉ុន ម៉ាន់ម៉ូហាន់ ស៊ីញ នាយករដ្ឋមន្រ្តីឥណ្ឌា លោកស្រីជូលៀ
ហ្គីឡាដ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកលី ម្យ៉ុងបាក់ ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក
ចន ហ្វីលីព នាយករដ្ឋមន្រ្តី ញូវ ហ្សឺលែន។
ថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីបញ្ចប់សុន្ទរកថា ដ៏មានមោទនភាព និងថ្វាយញញូរជ័យអាស៊ាន ទៅស្តេចស៊ុលតង់ នៃប្រទេសប៊្រុយណេ ដារូសាឡឹម
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថា "ដើម្បីពង្រឹង និងពង្រីកនូវសមិទ្ធផល
ដែលអាស៊ានសម្រេចបានកន្លងមក ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០១២ កម្ពុជាបានសម្រេចជ្រើសរើសយកប្រធានបទមួយ គឺ អាស៊ានសហគមន៍តែមួយ-វាសនាតែមួយ" ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត
និងកិច្ចសហការរួមរបស់អាស៊ាន ក្នុងការកសាងសហគមន៍អាស៊ាន ឲ្យទៅជាមហាគ្រួសារ ដ៏ជិតស្និទ្ធមួយ ដែលមានភាពសុខដុម ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយឈរលើគោល ការណ៍វិធាន នៃច្បាប់ សុខសន្តិភាព និងភាពរឹងមាំផ្នែកសេដ្ឋកិច្ច"។
សម្តេច បានលើកឡើងថា ចំពោះកិច្ចប្រជុំនេះ លទ្ធផលទទួលបានប្រកបដោយជោគជ័យ ក្នុងនោះចំណុចទី១ កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ បានពិភាក្សាប្រកបដោយផ្លែផ្កា ទាំងនៅក្នុងកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត ដោយក្នុងនោះ អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់លើការពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព ដែល សម្រេចបាន និងការកំណត់ នូវបញ្ហាប្រឈមទាំងឡាយ ដែលត្រូវបន្តពុះពារ និងជំនះក្នុងការអនុវត្តធម្មនុញ្ញអាស៊ាន ផែនទីចង្អុលផ្លូវ សម្រាប់ការកសាងសហគមន៍អាស៊ានផ្អែកតាមសសរស្តម្ភសំខាន់ទាំងបី គឺ៖សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
ទី ២-កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អង្គប្រជុំ
បានបញ្ជាក់ពីតួនាទី របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលកំពុង ដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកំពស់
កែសម្រួលពាណិជ្ជកម្ម និងការកែលម្អបរិយាកាសវិនិយោគក្នុងតំបន់អាស៊ាន ដែលអង្គប្រជុំបានស្វាគមន៍ចំពោះអនុសាសន៍
នៃរបាយការណ៍អង្កេត
ឆ្នាំ២០០១-២០១២ ស្តីពីការប្រកួតប្រជែងរបស់អាស៊ាន និងការកែតម្រូវយុទ្ធសាស្ត្រថ្មីៗ
ដើម្បីទាក់ទាញវិស័យឯកជន និងសហគ្រាសធនតូច និងមធ្យម។
ទី៣-កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើទី១៥
ជាលទ្ធផល ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពគ្នាជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព និងឲ្យបានទាន់ពេលវេលា នូវផែនការសកម្មភាព
២០១១-២០១៥ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន -ចិន សម្រាប់សន្តិភាព និងវិបុលភាព
ដោយថា្នក់ដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះការបន្តគាំទ្រចិន ទាំងបច្ចេកទេស
និងហិរញ្ញវត្ថុ សម្រាប់ការកសាងសហគមន៍
និងការតភ្ជាប់អាស៊ាន ជាពិសេសគាំទ្រចំពោះរបៀបវារៈភ្នំពេញ។
ទី ៤-កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៥៖អង្គប្រជុំ បានគូបញ្ជាក់
ពីចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុន
ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតំបន់
និងជំរុញការចែករំលែកវិបុលភាព
ដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួម
ស្តីពី ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ជប៉ុន
ដើម្បីវិបុលភាពរួមគ្នា។
ទី ៥-កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី១៥
ថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ បានស្វាគមន៍ ចំពោះវឌ្ឍនភាពរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដែល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ។ អង្គប្រជុំ
បានឯកភាពគ្នាបន្តទៀត ដោយខិតខំធ្វើយ៉ាងណា ឲ្យសម្រេចគោលដៅពាណិជ្ជកម្មទ្វេទិស
អាស៊ាន-កូរ៉េ ឡើងដល់ ១៥០
ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៥។
ទី ៦-កិច្ចប្រជុំកំពូល អាស៊ាន បូក ៣ មាន ចិន-ជប៉ុន-កូរ៉េ
អង្គប្រជុំបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិប្តតិការអាស៊ាន បូកបី និងការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសបូកបី ចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្រការអនុវត្តគម្រោងអាទិភាព ដែលមានក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន។
ទី៧-កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១០ អង្គប្រជុំ បានអបអរសាទរ ចំពោះវឌ្ឍនភាព
នៃការអនុវត្តផែនការសកម្មភាព សម្រាប់ភាពជាដៃគូ
អាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួមគ្នា ( ២០១០-២០១៥ ) និងបានគាំទ្រការរៀបចំកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍
២០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ដែលគ្រោងប្រព្រឹត្តទៅ នៅក្នុងខែធ្នូ ខាងមុខ នៅប្រទេសឥណ្ឌា។
ទី ៨-កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទី៤
អង្គប្រជុំ
បានវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍របស់ក្រុមឥស្សរជនឆ្នើមអាស៊ាន-អាមេរិក ដែលផ្តល់ចក្ខុវិស័យ និងអនុសាសន៍ល្អៗ ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ាន-អាមេរិក ឲ្យឈានដល់កម្រិតយុទ្ធសាស្ត្រ នៅឆ្នាំ២០១៥។ អង្គប្រជុំបានគាំទ្រសេចក្តីស្នើឲ្យពន្លឿនការអនុវត្តផែនការ សកម្មភាព ដើម្បីអនុវត្តភាពជាដៃគូស៊ីជម្រៅ អាស៊ាន-អាមេរិក ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង ក្នុងពិភពលោក។
ទី៩-កិច្ចសន្ទនា អាស៊ានជាសកល កិច្ចសន្ទនាអាស៊ានជាសកល គឺជាកិច្ចសន្ទនា
ដែលត្រូវបានរៀបចំជាលើកដំបូង ដោយមានកម្ពុជាធ្វើជាប្រធានដឹកនាំផងដែរ។
កិច្ចសន្ទនាកម្រិតខ្ពស់នេះ គឺជាសមិទ្ឋិផលដ៏សំខាន់ថ្មីមួយទៀតរបស់អាស៊ាន សម្រាប់ឆ្នាំ២០១២។
ទី១០-កិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី៧
អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កា ក្នុងកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីគំនិតផ្តួចផ្តើមរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្រាប់អភិវឌ្ឍន៍ និងសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៧ ស្តីពីការឆ្លើយតនៃតំបន់ចំពោះការគ្រប់គ្រងជំងឺគ្រុនចាញ់ និងការដោះស្រាយភាពសាំ នៃឱសថប្រឆាំងនឹងជំងឺគ្រុនចាញ់។
ទី១១. គឺពិធីប្រកាសចាប់ផ្តើមការចរចា
សម្រាប់ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ ដែល ថា្នក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំប្រទេសជាដៃគូ នៃសេដ្ឋកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរី អាស៊ាន ចំនួន ៦ ទៀត គឺអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន
សាធារណរដ្ឋកូរ៉េ និងណូវ៉ែលហ្សេឡង់ បានធ្វើពិធីប្រកាសជាផ្លូវការនូវការចាប់ផ្តើមការចរចា សំរាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់សំដៅពង្រីកវិសាលភាពតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយ និងធ្វើឲ្យកិច្ចព្រមព្រៀងនេះ មានលក្ខណៈកាន់តែទំនើប និងមានប្រសិទ្ធភាពថែមទៀត ៕
ជាមួយគ្នានេះដែរ ថ្លែងក្នុងសន្និសីទកាសែត
បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២០
ខែវិច្ឆិកា ឆ្នាំ២០១២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចែករំលែលទ្ធផល
និងជោគជ័យទាំងនេះជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស និង បានថ្លែងអំណគុណចំពោះមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលរួមចំណែកធ្វើឲ្យដំណើរការ
នៃកិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តទៅ
ដោយជោគជ័យ ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា៖លទ្ធផលធំៗ
ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ពន្ធ័នានាទៀតសម្រេចបានមកនេះ
គឹជាជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងមូល។ សម្តេចតេជោ ក៏បានចែករំលែក នូវជោគជ័យ
ដ៏មហាកិត្តិយសនេះជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបផងដែរ។អ្នកទាំងអស់ពិតជាមានការលំបាកហត់នឿយខ្លាំងណាស់ហើយ
ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការអគុណ ចំពោះការចូលរួមទាំងអស់នូវផ្នែកពាក់ពន្ធ័
ក្នុងនោះរាប់ទាំងប្រជាជនទូទាំងប្រទេសជាពិសេសប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញដែលបានយោគយល់ដល់ការលំបាក ហើយមានមោទនៈភាពក្នុងឋានៈខ្លួនជាម្ចាស់ផ្ទះ
ខ្ញុំបានបញ្ជាក់ហើយថាប្រធានអាស៊ានមិនមែនតែខ្លួនខ្ញុំជានាយករដ្ឋមន្ត្រីឬរាជរដ្ឋាភិបាលទេគឺប្រជាជនកម្ពុជាទាំងមូល។
យើងប្រជាជនកម្ពុជានៅទូទាំងប្រទេសជាពិសេសប្រជាជននៅរាជធានីភ្នំពេញគប្បីមានមោទនៈភាពក្នុងឋានៈជាម្ចាស់ផ្ទះទាំងអស់គ្នា
ដែលខ្ញុំសូមចែករំលែកទាំងអស់ប្រគេនចំពោះព្រះសង្ឃនិងជូនចំពោះជនរួមជាតិកម្ពុជាគ្រប់ៗរូបនូវលទ្ធផលទាំងឡាយដែលបានកើតចេញពីការប្រឹងប្រែងរួមគ្នារបស់ប្រជាពលរដ្ឋរបស់យើងនៅទីនេះ។)
សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះបណ្តាញផ្សព្វផ្សាយទាំងអស់ទាំងក្នុងនិងក្រៅប្រទេស
ដែលបានបញ្ជូន និងផ្សព្វផ្សាយព័ត៌មាន ទាន់ពេលវេលាទៅកាន់ប្រជាពលរដ្ឋ
ក៏ដូចជាសហគមន៍អន្តរជាតិលើពិភពលោក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ក៏បានទូលថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ និង សម្តេចព្រះវររាជមាតាជាតិខ្មែរ
ដែលព្រះអង្គកំពុងកាន់ព្រះរាជមរណទុក្ខព្រះបរមសពជាមួយកូនចៅទាំងអស់គ្នា ដើម្បីទ្រង់បានជ្រាបអំពីលទ្ធផល ដែលទទួលបានដ៏គួរឲ្យរំភើប ពីកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ។
សម្តេចក៏បានគោរពថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធសម្តេច,ឳ
ដែលមានព្រះគោរមងារជាព្រះបរមរតនៈកោដិ ដើម្បីឲ្យព្រះវិញ្ញាណក្ខន្ធរបស់
ព្រះអង្គបានជ្រាបថា កូនចៅរបស់ព្រះអង្គបាន និងកំពុងបំពេញកិច្ចការដ៏ល្អដែលកិច្ចការមួយចំនួនព្រះអង្គមិនទាន់បានបំពេញ
។
សូមអភ័យទោសអំពីការដែលខ្ញុំមិនអាចទប់ស្កាត់បាននូវការសម្រក់ទឹកភ្នែករបស់ខ្ញុំព្រោះថាអ្វីដែលសម្តេចឳរបស់យើងព្រះអង្គចង់បានគឺកិត្តិយសជាតិ
ឥឡូវកិត្តិយសជាតិ កឺកំពុងបានងើបស្ទុះឡើង
នៅក្នុងរយៈពេលដែលព្រះអង្គបានសោយទិវង្គតដែលមិនបានឃើញក៏ប៉ុន្តែសង្ឃឹមថាព្រះវិញ្ញាណក្ខន្ធ័របស់ព្រះងង្គនឹងបានទតឃើញនូវអ្វីដែលកូនចៅរបស់ព្រះអងគបាននិងកំពុងធ្វើនៅពេលនេះ។)
ការសម្រក់ទឹកភ្នែករបស់សម្តេចប្រមុខរាជរដ្ឋាភិបាល នាពេលនេះ
គឺបង្ហាញឲ្យឃើញ
និងកើតឡើងដោយក្តីរំភើបបំផុត បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១
បានប្រព្រឹត្តទៅយ៉ាងរលូន ជោគជ័យ ប្រកបដោយសាមគ្គីភាព និង
មោទនភាពបំផុតសម្រាប់ប្រវត្តិសាស្រ្តកម្ពុជារាប់ពាន់ឆ្នាំ។
No comments:
Post a Comment