Sunday, November 25, 2012

កម្ពុជា ចង់ឱ្យអាមេរិកលុបបំណុលទសវត្សឆ្នាំ៧០



កម្ពុជា ចង់ឱ្យអាមេរិកលុបបំណុលដែលកម្ពុជាជំពាក់ក្នុងទសវត្សឆ្នាំ៧០
ដោយសារតែមើលឃើញថាបំណុលដែលកម្ពុជាជំពាក់នៅក្នុងទសវត្ស៧០ ជាជំនួយទិញ​អាវុធធ្វើ​សង្គ្រាម និងសម្លាប់ប្រជាពលរដ្ឋខែ្មររាប់លាននាក់នោះ រដ្ឋាភិបាលកម្ពុជា នៅតែ​ចង់​ឱ្យ​អាមេរិកលុប​បំណុលទាំងនោះ បើទោះបីអាមេរិក យល់ព្រមឱ្យកម្ពុជាសងម្តងបន្តិចៗ​ជាពី​ដំណាក់​ក៏ដោយ។
នៅពេលដែលលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាឈានជើងដល់ទឹកដីកម្ពុជាភ្លាម ប្រមុខ​រដ្ឋាភិ​បាលកម្ពុជាមិនភ្លេចទេបានលើកយកបញ្ហាបំណុលដែលកម្ពុជាជំពាក់​ក្នុងទស្សវត្ស​ឆ្នាំ៧០​សម័យរដ្ឋាភិបាលលោកលន់ណុលមកពិភាក្សាភ្លាម ។ប៉ុន្តែបំណងដែលកម្ពុជាចង់បាន​ឲ្យ​អា​មេរិកលុបចោលបំណុលនេះទាំងស្រុង ត្រូវបានខកចិត្តទៅវិញ ព្រោះអាមេរិកមិន​បាន​លុបបំណុលនេះចោលទេគ្រាន់តែបន្ថាយការប្រាក់ឲ្យមកសល់ត្រឹម១ភាគរយហើយសងបន្តិចម្តងៗជាពីដំណាក់កាលក្នុងរង្វង់ទឹកប្រាក់ជំពាក់សរុបទាំងការទាំងដើមជាង៤០០លានដុល្លាសហរដ្ឋអាមេរិក។នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ និងលោក បារាក់ អូបាម៉ាជាង៤០នាទី​សម្តេចបានលើកឡើងអំពីបញ្ហាបំណុលនេះមុនគេ បន្ទាប់មកក៏មានការលើកឡើងអំពីបញ្ហា​សិទ្ធ​មនុស្ស សកម្មជនបក្សប្រឆាំង អ្នកទោសនយោបាយ បញ្ហាដីធ្លី និងតួនាទីកណកម្មការ​ជាតិរៀបចំការបោះឆ្នោត។
ក្រោយជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងសម្តេចតេជោ ហ៊ុន សែនរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនៅក្នុងសន្និសីទប្រាប់អ្នកកាសែតថា​ នៅក្នុងកិច្ចជំនួបទ្វេរ​ភាគី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាបំណុលដែលកម្ពុជាជំពាក់សហរដ្ឋ​អាមេរិក​នៅក្នុងសម័យ លុន នុលមានត្រឹមតែ១៦២លានដុល្លារអាមេរិកក្នុងចន្លោះ​ឆ្នាំ១៩៧០​ដល់ឆ្នាំ១៩៧៥ ប៉ុន្តែបើគិតមកទល់ពេលនេះ ដោយបូកបន្ថែមជាមួយអត្រាការប្រាក់ បំណុល​នោះ បានកើនឡើងច្រើនជាង៤០០លានដុល្លារអាមេរិក។
ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែនចង់ប្រើប្រាស់យន្តការ​ចរចារបញ្ហានេះ​ទ្វេរភាគី ដើម្បីដោះស្រាយបញ្ហាបំណុលទាំងនោះ​​។
 លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានយល់ព្រមថាបំណុលនេះអាមេរិកសំរេចឲ្យ​កម្ពុជាសងជាដំណាក់កាលៗ ហើយកម្ពុជាសង់គិតអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ១% ក្នុងរយ:ពេលពីដំណាក់កាល តែប្រាក់បំណុល៧០ភាគរយត្រូវបង្វែរមកឲ្យ​កម្ពុជាវិញតាមរយ:ការ​អភិវឌ្ឍន៍សង្គម ដូចជាវិស័យអប់រំ ការអភិរក្សវប្បធម៌ និងការដោះមីនជាដើម។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រមានប្រសាសន៍ថា អាមេរិក គួរតែគិតឡើងវិញពីព្រោះ​បំណុល​ដែលកម្ពុជាជំពាក់នៅក្នុងទសវត្សទី៧០មិនមែនជាជំនួយ​សម្រាប់អភិវឌ្ឍន៍ប្រទេស​កម្ពុជាទេ តែជាជំនួយគ្រឿងសព្វាវុធសំរាប់ធ្វើសង្គ្រាមនៅកម្ពុជាដែលធ្វើឲ្យ​កម្ពុជាវិនាសហិន​ហោច និងប្រជាជនរាប់លាននាក់។
គួរបញ្ជាក់ថា សម័យនៅឥណ្ឌូចិនក្នុងទសវត្សទី៧០ដែលរីករាលដាលមកដល់កម្ពុជា អាមេរិក បានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា ប្រមាណ៥,៨លានគ្រាប់ជាប្រភេទគ្រាប់បែកចង្កោម គិតជាទង្ងន់ជាង៥សែនតោន បើប្រៀបធៀបទៅសង្រ្គាមលោកលើកទី២នៅប្រទេសជប៉ុន គិតជាភាគរយ កម្ពុជាលើសភាគរយរហូតដល់៣៥០ភាគរយ តែបើគិតជាទង្ងន់គ្រាប់វិញ នៅប្រទេសជប៉ុន មានត្រឹមតែជាង១សែន៥ម៉ឺនតោន។ ដូច្នេះ សង្រ្គាមសម័យឆ្នាំ៧០ បើមិន​ការជួយអន្តរាគមន៍ ពីកងទ័ពសហរដ្ឋអាមេរិកទេ ម្លេះសេនាប្រមុនលុន នុល មិនអាច​ធ្វើរដ្ឋ​ប្រហារទម្លាក់ព្រះមហាវិរក្សត្រ នរោត្តម សីហនុ នៅពេលនោះបានទេ។ បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប បានបញ្ជាក់ថា សហរដ្ឋអាមេរិក គួរតែលុបបំណុលនេះចេញ ព្រោះបំណុលដែលកម្ពុជាជំពាក់ ជាបំណុលដែលធ្វើឱ្យកម្ពុជា​រងទុក្ខដោយសារសង្គ្រាម ស្លាកស្មាម ភស្តុតាង មិនទាន់អស់នៅឡើយទេ ប្រជាជនកម្ពុជា​ជិត១លាននាក់ បានស្លាប់នៅក្នុងសង្រ្គាមនោះ ហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង ត្រូវបានរលាយ​ហិចហោច។ មន្រ្តីនោះ បញ្ជាក់ទៀតថា បំណុលជាង៤០០លានដុល្លារអាមេរិក គិតទាំង​ការ​ប្រាក់ គឺជាបំណុលដែលរដ្ឋាភិបាលសេនាប្រមុខលុន នុល បានខ្ចីសហរដ្ឋអាមេរិកទិញ​សញ្វាវុធ និងស្បៀងអាហារសម្រាប់ផ្គត់ផ្គង់កងទ័ព៕

No comments:

Post a Comment