Sunday, November 25, 2012

រាជរដ្ឋាភិបាលផ្តល់កោះ៣៦ នៃខេត្តមាត់សមុទ្រចំនួន៤



រាជរដ្ឋាភិបាលផ្តល់កោះ៣៦ នៃខេត្តមាត់សមុទ្រចំនួន៤ 
ទៅឲ្យក្រុមហ៊ុនក្នុងស្រុក និង ក្រៅប្រទេស ដើម្បីអភិវឌ្ឍ​វិស័យ​ទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ បានសម្រេចផ្តល់កោះចំនួន៣៦ ដែល ស្ថិតក្នុងខេត្តជាប់មាត់សមុទ្រចំនួន៤ ទៅឲ្យក្រុមហ៊ុនវិនិយោគចំនួន៣៩ ទាំងក្នុង និង ក្រៅប្រទេស ដើម្បីធ្វើការ អភិវឌ្ឍតំបន់ឆ្នេរ លើវិស័យទេសចរណ៍ឲ្យកាន់តែប្រមាន​ភាព​ទាក់ទាក់។ ប៉ុន្តែ ក្នុងចំណោម​ក្រុមហ៊ុនទាង អស់ខាងលើនៅមានក្រុមហ៊ុនមួយចំនួនតូច មិនទាន់បានអនុវត្តគម្រោង​របស់​ខ្លួននៅឡើយទេ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់អ្នកាកសែតថា បច្ចុប្បន្នមានក្រុម ហ៊ុនជិត៤០បានទទួលសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាលហើយក្រុមហ៊ុន ភាគច្រើនបានដំណើរ​ការ និងកំពុងធ្វើ​សកម្មភាពវិនិយោគរបស់ខ្លួនរួចហើយ ប៉ុន្តែ នៅមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ ដែលមិនទាន់ មានសកម្មភាពនៅឡើយ ទោះបីជាទទួលបានសិទ្ធិនេះហើយក្តី។
ឯកឧត្តម បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនណា ដែលមិនទាន់បានធ្វើសកម្មភាព ត្រូវអនុវត្ត​គម្រោង​របស់ខ្លួន និងត្រូវគោរពតាមកិច្ចសន្យា ដើម្បីជំរុញការរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋ​​កិច្ច​ជាតិ។
គួររំលឹកថា ក្រុមហ៊ុនទាំង៣៩ ដែលត្រូវវិនិយោគនៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ដែលជា​តារារះនៅទិសនិរតីទាំង៤ រួមមានខេត្តកោះកុងចំនួន៨កោះ ខេត្តព្រះសីហនុ២០កោះ  ចំណែក​​ខេត្តកែប និង ខេត្តកំពត​មានចំនួន១១កោះ។

ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងត្រូវធ្វើនៅខេត្តកែប



ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងត្រូវធ្វើនៅខេត្តកែប
មន្រ្តីជាន់ខ្ពស់ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យសមុទ្រ លើកទី២ ឆ្នាំនេះ នឹងប្រារព្ធ​ធ្វើ​ឡើង​នៅលើទឹកដីខេត្តកែប​ ភាគនិរតី នៃប្រទេសកម្ពុជា ខេត្តតូច តែ​សក្តានុពល ទេសចរណ៍ខ្លឹម។
ថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី១៨ ខែកញ្ញា ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ សមុទ្រខៀវ ទីក្រុងបៃតង ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ នឹងត្រូវធ្វើនៅខេត្តកែប ភាគនិរតីប្រទេស។ កម្ពុជា ចាត់ ទុកថា វិស័យទេសចរណ៍ ជាដុំមាសពណ៌បៃតង និងជាឧស្សាហ៍កម្មគ្មានផ្សែងរបស់ប្រទេស។
ឯកឧត្តមបន្តថា មូលហេតុ ដែលក្រសួងជ្រើសរើសយកខេត្តនេះ ដើម្បីប្រារព្ធពិធីបុណ្យ ដោយ​សារបណ្តាល​មកពីខេត្តមួយនេះ ស្ថិតនៅលើឆ្នេរ ដែលអាចឲ្យអ្នកទេសចរណ៍មើល​ឃើញ​នូវរាល់ទេសភាពដ៏ស្រស់ត្រកាលនានាបាន ទោះបីខេត្តនេះ ជាខេត្តតូចជាងគេ ក្នុងចំណោម​ខេត្ត​ជាប់ឆ្នេរសមុទ្រ​ទាំង៤​ក្តី ហើយខេត្តនេះ ពិតជាស័ក្តិសមសម្រាប់ការ​ប្រារព្ធពិធីបុណ្យនេះ​ ។ ឯកឧត្តមរំពឹងថា ក្រោយពីពិធីបុណ្យនេះរួច កំណើនភ្ញៀងទេសចរណ៍ នឹងមាន​ការ​កើនឡើង ប្រមាណ៥០ភាគរយ ដូចនៅខេត្តព្រះសីហនុដែរ។
ក្រសួងទេសចរណ៍ បានលើកយកខ្លឹមសារ៤ចំណុច នៃពិធីបុណ្យសមុទ្រ មានន័យថា ទី​១ ​ ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​​របស់​កម្ពុជា​​ ​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​បាន​ស្គាល់  ​ទី២​ ​ ​​លើក​កម្ពស់​ ឧស្សាហកម្ម​ទេស​ចរណ៍​​ឲ្យ​​កាន់​តែ​រឹង​មាំ​ ទី៣​ ​អនុវត្តន៍ និង​ រៀប​ចំ​​ជាក់​​ស្ដែង​ ដូច​ប្រ​ទេស​​ជា​​​សមាជិក​ក្លិប​ឆ្នេរ​ទាំង​២៧​​លើ ពិភព​លោក​​​ ដែល​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​នេះ និង​ទី៤ ​ ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​ និង​​​ក្រសួង​ពាក់ព័ន្ធ ធ្វើយ៉ាងណាជួយ​ថែរក្សា​ឆ្នេរ​សមុទ្រ​ ឲ្យ​មាន​អនាម័យ​ និង​ មាន​សោភ័ណភាព​។
គួររំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ កម្ពុជា បាន ប្រារព្ធពិធីបុណ្យសមុទ្ររបស់ខ្លួនជាលើកដំបូង ដោយទទួលបានភ្ញៀវទេសចរណ៍ជាតិ  និង​អន្តរជាតិ ប្រមាណជិត​១សែននាក់ចូលរួម បន្ទាប់​ពី​ឆ្នេរ​សមុទ្រ​ ​​​ប្រវែង​៤៤០​ គីឡូ​ម៉ែត្រ ​​របស់​កម្ពុជា ​ជាប់​ចំណាត់ថ្នាក់ជា​សមាជិក​ក្លិប ​ដែលឆ្នេរ​សមុទ្រស្រស់​ស្អាត​បំផុត​លើ​ពិភពលោក​​ កាល​ពីថ្ងៃ​ទី​២៦​ ខែឧសភា​ ២០១១​​ នៅ​ប្រទេស​សេណេហ្គាល់។

ក្រសួងទេសចរណ៍ ជំរុញឲ្យម្ចាស់សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ ផ្តោតលើគុណភាព



ជាចម្បងក្រសួងទេសចរណ៍ ជំរុញឲ្យម្ចាស់សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ ផ្តោតលើ​គុណភាព
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញដល់ម្ចាស់សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ ទាំងអស់​ត្រូវផ្ដោតសំខាន់លើ គុណភាព សោភ័ណភាព​ និងទាមទារឲ្យមានការកែលម្អ ការរចនាឲ្យបានប្រ​សើរ​មានលក្ខណៈជារបស់ខ្មែរ។
ថ្លែងក្នុងពិធីប្រកាសឲ្យប្រើបា្រស់ស្លាកសញ្ញា កេរ្តិ៍ លើវត្ថុសិប្បកម្មទេសចរណ៍កម្ពុជា កាលពី​ ​ថ្ងៃ​ទី២៥ ខែតុលា នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ មាន​ប្រសាសន៍ថា ចំណុចគួរឲ្យកត់សម្គាល់ និងវាយតម្លៃខ្ពស់ពីភ្ញៀវ​ទេសចរ​នោះ គឺ​គុណ​ភាពផលិត​ផល ការផលិត ការវេចខ្ចប់ ការបិទស្លាកសញ្ញា ប្រភពនៃផលិតផល និងការ​លក់​ដូរវត្ថុអនុ​ស្សាវរីយ៍ ដែលបង្ហាញជារបស់ខ្មែរពិតៗ។     
ឯកឧត្តមបញ្ជាក់ថា ការរៀបចំពិធីប្រកាសការប្រើប្រាស់ស្លាកសញ្ញាកេរ្តិ៍ លើវត្ថុសិប្បកម្ម ទេស​ចរណ៍កម្ពុជានាពេលនេះ គឺជាការបង្ហាញអំពីការអភិវឌ្ឍវិស័យទេសចរណ៍ ​ដែលបាន និងកំពុងយក​ចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ការយកចិត្តទុកដាក់គាំទ្រ​ និងការពង្រឹង ឲ្យកាន់តែខ្លាំងថែមទៀតនូវប្រពៃណី បេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញ និងលើកទឹកចិត្តឲ្យមានការបង្កើតនូវ​ផលិត​ផលទេសចរណ៍ថ្មីៗ និងផ្សេងៗពីគ្នាទាំងគោលដៅទាក់ទាញទេសចរណ៍ និងផលិត ផល​ទេសចរណ៍ ដែលផលិតផលទាំងនេះ ផ្អែកទៅលើធនធានធម្មជាតិ បិតិកភណ្ឌវប្បធម៌ ជាពិ សេសវត្ថុសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ជារបស់ខ្មែរ នៅទូទាំងប្រទេស ។
លោក Erik Sidgwick នាយកធនាគារអភិវឌ្ឍអាស៊ី(ADB)ប្រចាំកម្ពុជា បានកត់សម្គាល់ថា ការ​ផ្ដល់គម្រោងរបស់ធនាគារអភិវឌ្ឍអាស៊ី គឺដើម្បីរួមចំណែកលើកកម្ពស់ និងការផ្ដល់អត្ថប្រយោជន៍​ឲ្យកាន់តែប្រសើរឡើង ដល់អ្នកផលិតវត្ថុអនុស្សាវរីយ៍នៅតាមជនបទ​ និងការរៀបចំឲ្យមាន​ទីផ្សារ​ទេសចរណ៍ ព្រមទាំងការពង្រឹងខ្សែសង្វាក់ផលិតកម្មទេសចរណ៍ ការបង្កើតនូវសេវាកម្មទេស​ចរណ៍ និងចូលរួមផ្សព្វផ្សាយអំពីផលិតផល ដែលពលរដ្ឋក្នុងមូលដ្ឋានបានផលិតសម្រាប់​ភ្ញៀវ​ទេសចរ​។
លោកបន្តថា គម្រោងនេះ នឹងចូលរួមបង្កើនប្រាក់ចំណូល និងបង្កើតការងារក្នុងមូល​ដ្ឋានសម្រាប់​គ្រួសារក្រីក្រ តាមរយៈការផលិត និងការលក់វត្ថុសិប្បកម្មខ្មែរ និងចំណីអាហារ កែច្នៃ​នៅក្នុង​សហគមន៍មូលដ្ឋាន ដែលមានការដាក់លក់នូវផលិតផលវត្ថុអនុស្សាវរីយ៍ ក៏ដូចជាម្អូបអាហារ និង​ស្លាក​សញ្ញារបស់ខ្មែរ ។
ឯកឧត្តម ទិត ចន្ថា អគ្គនាយកទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានគណៈ​កម្មាធិការ​ដឹកនាំគម្រោងកាត់បន្ថយភាពក្រីក្របានឲ្យដឹងថា  បច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុង​អនុវត្ត​គម្រោង លើកកម្ពស់ទីផ្សារផលិតផលសម្រាប់ប្រជាពលរដ្ឋក្រីក្រីនៅភូមិភាគកណ្ដាល ប្រទេសកម្ពុជា ។ គម្រោងនេះ មានគោលដៅកាត់បន្ថយភាពក្រីក្រ ជាពិសេសលើកស្ទួយ​មុខរបរខ្នាត​តូច​ដែល​គ្រប់​គ្រង​ដោយស្ដ្រីនៅក្នុងភូមិគោលដៅចំនួន១១នៅក្បែរ និងនៅជុំវិញតំបន់បា្រសាទសម្បូរព្រៃគុក ស្ថិតក្នុងខេត្តកំពុងធំ ហើយគម្រោងនេះដែរគ្រប់គ្រង ដោយធនាគារអភិវឌ្ឍអាស៊ី ក្រោមហិរញ្ញប្ប​ទាន​មូលនិធិរដ្ឋាភិបាលជប៉ុនសម្រាប់កាត់ប​ន្ថយភាពក្រីក្រី ៕

កម្ពុជាគ្រោងប្រារព្ធខួបលើកទី២០ នៃការបង្កើតគណកម្មាធិការអន្តរជាតិICC



កម្ពុជាគ្រោងប្រារព្ធខួបលើកទី២០ នៃការបង្កើតគណកម្មាធិការអន្តរជាតិICCអង្គរចុងឆ្នាំនេះ

(MC) ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាគ្រោងបារព្ធខួបលើកទី២០ នៃថ្ងៃបង្កើតគណកម្មាធិការសម្របសម្រួលអន្តរជាតិ សំរាប់ការជួសជុល និងអភិរក្ស ប្រាសាទអង្គរវត្ត ហៅកាត់ថា (ICC  អង្គរ) នៅចុងឆ្នាំនេះ។

ថ្លែងក្នុងជំនួប​ជាមួយ​ឯកអគ្គរាជទូតជប៉ុន ឯកអគ្គរដ្ឋទូត​បារាំង និងប្រធានអង្គការយូនីស្កូរ ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ អាន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ការ​ប្រារព្ធ​ខួបលើកទី២០ឆ្នាំ ដែលគ្រោងធ្វើនៅដំណាច់ឆ្នាំនេះ កំពុងស្ថិតក្នុងការពិចារណា ថាតើត្រូវ​ប្រារព្ធនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។ ការមិនទាន់ច្បាស់លាស់ការបរិច្ឆេទនេះ ដោយសារ កម្ពុជា មានកម្មវិធី ប្រណាំងរថយន្ត នៅទឹកដីអង្គរ ខេត្តសៀមរាប ស្តីពីទំនាក់ទំនង​ឥណ្ឌា និង ចិន

ឯកឧត្តមបណ្ឌិត្យសភាចារ្យបន្តថា ការប្រារព្ធពិធីគម្រប់ខួបនេះ ពិតជាមានសារសំខាន់​ណាស់ ព្រោះទាំងភាគីកម្ពុជា និងប្រទេសផ្តល់ជំនួយសុទ្ធតែបានជួយដល់ ICC Angkor ក្នុងការអភិរក្ស លើផ្នែកបតិកភ័ណ្ឌជាតិ និងអន្តរជាតិ ដែលប្រាសាទ​អង្គរវត្តកម្ពុជា បាន​ចុះបញ្ជីជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក កាលឆ្នាំ១៩៩២ ហើយនៅក្នុងឆ្នាំ២០១៣ខាងមុខ ​កម្ពុជា នឹង​ធ្វើជាម្ចាស់​ផ្ទះ នៃកិច្ចប្រជុំ គណកម្មាធិការបេតិកភ័ណ្ឌពិភពលោកផងដែរ

ឯកឧត្តម ម៉ាសាហ្វ៊ីមី គុរ៉ុគី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា ជប៉ុន សូមស្វាគមន៍ និងគាំទ្រ​ចំពោះ​ការប្រារព្ធខួបលើកទី២០ នៃថ្ងៃបង្កើតICC Angkorនេះ ហើយឯកឧត្តមបានស្នើឲ្យមានការរៀបចំសម្តែង​​ជាសិល្បៈ ដែលមានលក្ខណៈទ្រង់ទ្រាយ​ធំទៀត​ផង       

ICJ នឹងបើកសវនាការ នៅខែមេសា ឆ្នាំ២០១៣



តុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងបើកសវនាការ នៅខែមេសា ឆ្នាំ២០១៣​ តាម​បណ្តឹងកម្ពុជា
 រយៈពេលជាងមួយឆ្នាំមកហើយ ដែលភាគីកម្ពុជា បានប្តឹងទៅតុលាការយុត្តធម៌​អន្តរជាតិ​ទីក្រុងឡាអេ សុំឲ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ ហើយសវនាការនឹងត្រូវធ្វើ ឡើងអំឡុងខែមេសា ឆ្នាំ២០១៣ខាង។
មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រាសាទព្រះវិហារ ឯកឧត្តមជុច ភឿនបានប្រាប់ក្រុមអ្នក​កាសែត​​ថា សវនាការស្តីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២ ដែលតម្រូវឲ្យភាគីថៃ ប្រគល់​បេតិក​ភណ្ឌ និង ដីក្នុងតំបន់ក្បែរប្រាសាទព្រះវិហារមួយចំនួនមកឲ្យកម្ពុជាវិញនោះ នឹងត្រូវធ្វើ​ឡើង នៅ​អំឡុង​ខែមេសា ឆ្នាំ ២០១៣ខាងមុខ ហើយកម្ពុជា មានមេធាវីការពារក្តី​នេះ ជាជន​ជាតិបរទេសចំនួនបី​នាក់ផងដែរ ក្នុងនោះ មានជនជាតិបារាំងមួយរូប  ជនជាតិអង់គ្លេស​មួយ​រូប  និង ជនជាតិ​អាមេរិចមួយរូប។
ឯកឧត្តមបន្តថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១២នេះ មេធាវីជនបរទេសទាំងបីរូបនេះ បាន ធ្វើដំណើររួមជាមួយប្រតិភូកម្ពុជា ជាច្រើនរូប ទៅកាន់តំបន់ជម្លោះ ក្បែរប្រសាទព្រះវិហារ និង ប្រសាទព្រះវិហារ ដើម្បីពិនិត្យមើល និងស្វែងយល់ស្ថានភាពជាក់ស្តែង ដូចជាតំបន់អេ ប៊ី ស៊ី និងឌី ដែលតុលាការបានសម្រេចតាមសំណើរបស់កម្ពុជា សុំឲ្យធ្វើការបកស្រាយនោះ។
ឯកឧត្តមបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនខាង លើក្រុមមេធាវី ក៏នឹងទៅពិនិត្យទីតាំង ដែល កង​ទ័ព នៃភាគីទាំងពីរបានប្រយុទ្ធគ្នា ដូចជា វាលឥន្រ្ទី ភ្នំទ្រព្យ ចំណុច៤.៦គីឡូម៉ែត្រ ការ៉េ កន្លែង​ដែលថ្មប្រាសាទ ទទួលរងនូវការបាញ់ប្រហារដោយគ្រាប់កាំភ្លើងពីភាគីថៃ និង តំបន់ គ្មានកង​ទ័ពបណ្តោះអាសន្ន ដែលភាគីទាំងពីរ បានសម្រេចដកកងទ័ពរួមគ្នា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ផងដែរ។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០១១ ក្រោយពីការប្រយុទ្ធគ្នារយៈពេលជាងបីឆ្នាំ នៅតំបន់​ក្បែរប្រាសាទ និងប្រាសាទព្រះវិហារ ធ្វើឲ្យថ្មីប្រាសាទមួយចំនួនខូចខាតយ៉ាងដំណំ កម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុងឡាអេ ឲ្យតុលាការនេះធ្វើការបក ស្រាយឡើងវិញ នូវសាលក្រមដែលតុលាការនេះ បានកាត់ឲ្យភាគីកម្ពុជា ឈ្នះក្តីលើភាគីថៃ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ១៩៦២ និងនៅខែកក្កដា ឆ្នាំ២០១១ ដែល តុលាការនេះ បាន​ចេញ​សាលដីកា បង្គាប់ឲ្យភាគីទាំងពីរ កម្ពុជា ថៃ ដកកងទ័ព ចេញពីតំបន់មានជម្លោះ និង​ចាត់ទុក​ថាជា​តំបន់ គ្មាន​កងទ័ពបណ្តោះអាសន្ន លើទំហំផ្ទៃជាង១៧គីឡូម៉ែត្រក្រឡា ។