តុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងបើកសវនាការ នៅខែមេសា ឆ្នាំ២០១៣ តាមបណ្តឹងកម្ពុជា
រយៈពេលជាងមួយឆ្នាំមកហើយ
ដែលភាគីកម្ពុជា បានប្តឹងទៅតុលាការយុត្តធម៌អន្តរជាតិទីក្រុងឡាអេ
សុំឲ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ ហើយសវនាការនឹងត្រូវធ្វើ ឡើងអំឡុងខែមេសា
ឆ្នាំ២០១៣ខាង។
មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រាសាទព្រះវិហារ ឯកឧត្តមជុច
ភឿនបានប្រាប់ក្រុមអ្នកកាសែតថា សវនាការស្តីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២
ដែលតម្រូវឲ្យភាគីថៃ ប្រគល់បេតិកភណ្ឌ និង ដីក្នុងតំបន់ក្បែរប្រាសាទព្រះវិហារមួយចំនួនមកឲ្យកម្ពុជាវិញនោះ
នឹងត្រូវធ្វើឡើង នៅអំឡុងខែមេសា ឆ្នាំ ២០១៣ខាងមុខ ហើយកម្ពុជា
មានមេធាវីការពារក្តីនេះ ជាជនជាតិបរទេសចំនួនបីនាក់ផងដែរ ក្នុងនោះ
មានជនជាតិបារាំងមួយរូប ជនជាតិអង់គ្លេសមួយរូប និង ជនជាតិអាមេរិចមួយរូប។
ឯកឧត្តមបន្តថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១២នេះ
មេធាវីជនបរទេសទាំងបីរូបនេះ បាន ធ្វើដំណើររួមជាមួយប្រតិភូកម្ពុជា ជាច្រើនរូប
ទៅកាន់តំបន់ជម្លោះ ក្បែរប្រសាទព្រះវិហារ និង ប្រសាទព្រះវិហារ ដើម្បីពិនិត្យមើល
និងស្វែងយល់ស្ថានភាពជាក់ស្តែង ដូចជាតំបន់អេ ប៊ី ស៊ី និងឌី
ដែលតុលាការបានសម្រេចតាមសំណើរបស់កម្ពុជា សុំឲ្យធ្វើការបកស្រាយនោះ។
ឯកឧត្តមបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនខាង លើក្រុមមេធាវី
ក៏នឹងទៅពិនិត្យទីតាំង ដែល កងទ័ព នៃភាគីទាំងពីរបានប្រយុទ្ធគ្នា ដូចជា វាលឥន្រ្ទី
ភ្នំទ្រព្យ ចំណុច៤.៦គីឡូម៉ែត្រ ការ៉េ កន្លែងដែលថ្មប្រាសាទ
ទទួលរងនូវការបាញ់ប្រហារដោយគ្រាប់កាំភ្លើងពីភាគីថៃ និង តំបន់ គ្មានកងទ័ពបណ្តោះអាសន្ន
ដែលភាគីទាំងពីរ បានសម្រេចដកកងទ័ពរួមគ្នា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ផងដែរ។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០១១ ក្រោយពីការប្រយុទ្ធគ្នារយៈពេលជាងបីឆ្នាំ
នៅតំបន់ក្បែរប្រាសាទ និងប្រាសាទព្រះវិហារ
ធ្វើឲ្យថ្មីប្រាសាទមួយចំនួនខូចខាតយ៉ាងដំណំ កម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ
ទីក្រុងឡាអេ ឲ្យតុលាការនេះធ្វើការបក ស្រាយឡើងវិញ នូវសាលក្រមដែលតុលាការនេះ
បានកាត់ឲ្យភាគីកម្ពុជា ឈ្នះក្តីលើភាគីថៃ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ១៩៦២
និងនៅខែកក្កដា ឆ្នាំ២០១១ ដែល តុលាការនេះ បានចេញសាលដីកា បង្គាប់ឲ្យភាគីទាំងពីរ កម្ពុជា
ថៃ ដកកងទ័ព ចេញពីតំបន់មានជម្លោះ និងចាត់ទុកថាជាតំបន់ គ្មានកងទ័ពបណ្តោះអាសន្ន
លើទំហំផ្ទៃជាង១៧គីឡូម៉ែត្រក្រឡា ។
No comments:
Post a Comment