Sunday, November 25, 2012

ក្រសួងទេសចរណ៍ ជំរុញឲ្យម្ចាស់សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ ផ្តោតលើគុណភាព



ជាចម្បងក្រសួងទេសចរណ៍ ជំរុញឲ្យម្ចាស់សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ ផ្តោតលើ​គុណភាព
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញដល់ម្ចាស់សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ ទាំងអស់​ត្រូវផ្ដោតសំខាន់លើ គុណភាព សោភ័ណភាព​ និងទាមទារឲ្យមានការកែលម្អ ការរចនាឲ្យបានប្រ​សើរ​មានលក្ខណៈជារបស់ខ្មែរ។
ថ្លែងក្នុងពិធីប្រកាសឲ្យប្រើបា្រស់ស្លាកសញ្ញា កេរ្តិ៍ លើវត្ថុសិប្បកម្មទេសចរណ៍កម្ពុជា កាលពី​ ​ថ្ងៃ​ទី២៥ ខែតុលា នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ មាន​ប្រសាសន៍ថា ចំណុចគួរឲ្យកត់សម្គាល់ និងវាយតម្លៃខ្ពស់ពីភ្ញៀវ​ទេសចរ​នោះ គឺ​គុណ​ភាពផលិត​ផល ការផលិត ការវេចខ្ចប់ ការបិទស្លាកសញ្ញា ប្រភពនៃផលិតផល និងការ​លក់​ដូរវត្ថុអនុ​ស្សាវរីយ៍ ដែលបង្ហាញជារបស់ខ្មែរពិតៗ។     
ឯកឧត្តមបញ្ជាក់ថា ការរៀបចំពិធីប្រកាសការប្រើប្រាស់ស្លាកសញ្ញាកេរ្តិ៍ លើវត្ថុសិប្បកម្ម ទេស​ចរណ៍កម្ពុជានាពេលនេះ គឺជាការបង្ហាញអំពីការអភិវឌ្ឍវិស័យទេសចរណ៍ ​ដែលបាន និងកំពុងយក​ចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ការយកចិត្តទុកដាក់គាំទ្រ​ និងការពង្រឹង ឲ្យកាន់តែខ្លាំងថែមទៀតនូវប្រពៃណី បេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញ និងលើកទឹកចិត្តឲ្យមានការបង្កើតនូវ​ផលិត​ផលទេសចរណ៍ថ្មីៗ និងផ្សេងៗពីគ្នាទាំងគោលដៅទាក់ទាញទេសចរណ៍ និងផលិត ផល​ទេសចរណ៍ ដែលផលិតផលទាំងនេះ ផ្អែកទៅលើធនធានធម្មជាតិ បិតិកភណ្ឌវប្បធម៌ ជាពិ សេសវត្ថុសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ជារបស់ខ្មែរ នៅទូទាំងប្រទេស ។
លោក Erik Sidgwick នាយកធនាគារអភិវឌ្ឍអាស៊ី(ADB)ប្រចាំកម្ពុជា បានកត់សម្គាល់ថា ការ​ផ្ដល់គម្រោងរបស់ធនាគារអភិវឌ្ឍអាស៊ី គឺដើម្បីរួមចំណែកលើកកម្ពស់ និងការផ្ដល់អត្ថប្រយោជន៍​ឲ្យកាន់តែប្រសើរឡើង ដល់អ្នកផលិតវត្ថុអនុស្សាវរីយ៍នៅតាមជនបទ​ និងការរៀបចំឲ្យមាន​ទីផ្សារ​ទេសចរណ៍ ព្រមទាំងការពង្រឹងខ្សែសង្វាក់ផលិតកម្មទេសចរណ៍ ការបង្កើតនូវសេវាកម្មទេស​ចរណ៍ និងចូលរួមផ្សព្វផ្សាយអំពីផលិតផល ដែលពលរដ្ឋក្នុងមូលដ្ឋានបានផលិតសម្រាប់​ភ្ញៀវ​ទេសចរ​។
លោកបន្តថា គម្រោងនេះ នឹងចូលរួមបង្កើនប្រាក់ចំណូល និងបង្កើតការងារក្នុងមូល​ដ្ឋានសម្រាប់​គ្រួសារក្រីក្រ តាមរយៈការផលិត និងការលក់វត្ថុសិប្បកម្មខ្មែរ និងចំណីអាហារ កែច្នៃ​នៅក្នុង​សហគមន៍មូលដ្ឋាន ដែលមានការដាក់លក់នូវផលិតផលវត្ថុអនុស្សាវរីយ៍ ក៏ដូចជាម្អូបអាហារ និង​ស្លាក​សញ្ញារបស់ខ្មែរ ។
ឯកឧត្តម ទិត ចន្ថា អគ្គនាយកទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានគណៈ​កម្មាធិការ​ដឹកនាំគម្រោងកាត់បន្ថយភាពក្រីក្របានឲ្យដឹងថា  បច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុង​អនុវត្ត​គម្រោង លើកកម្ពស់ទីផ្សារផលិតផលសម្រាប់ប្រជាពលរដ្ឋក្រីក្រីនៅភូមិភាគកណ្ដាល ប្រទេសកម្ពុជា ។ គម្រោងនេះ មានគោលដៅកាត់បន្ថយភាពក្រីក្រ ជាពិសេសលើកស្ទួយ​មុខរបរខ្នាត​តូច​ដែល​គ្រប់​គ្រង​ដោយស្ដ្រីនៅក្នុងភូមិគោលដៅចំនួន១១នៅក្បែរ និងនៅជុំវិញតំបន់បា្រសាទសម្បូរព្រៃគុក ស្ថិតក្នុងខេត្តកំពុងធំ ហើយគម្រោងនេះដែរគ្រប់គ្រង ដោយធនាគារអភិវឌ្ឍអាស៊ី ក្រោមហិរញ្ញប្ប​ទាន​មូលនិធិរដ្ឋាភិបាលជប៉ុនសម្រាប់កាត់ប​ន្ថយភាពក្រីក្រី ៕

No comments:

Post a Comment