Sunday, November 25, 2012

ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងត្រូវធ្វើនៅខេត្តកែប



ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងត្រូវធ្វើនៅខេត្តកែប
មន្រ្តីជាន់ខ្ពស់ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យសមុទ្រ លើកទី២ ឆ្នាំនេះ នឹងប្រារព្ធ​ធ្វើ​ឡើង​នៅលើទឹកដីខេត្តកែប​ ភាគនិរតី នៃប្រទេសកម្ពុជា ខេត្តតូច តែ​សក្តានុពល ទេសចរណ៍ខ្លឹម។
ថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី១៨ ខែកញ្ញា ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ សមុទ្រខៀវ ទីក្រុងបៃតង ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ នឹងត្រូវធ្វើនៅខេត្តកែប ភាគនិរតីប្រទេស។ កម្ពុជា ចាត់ ទុកថា វិស័យទេសចរណ៍ ជាដុំមាសពណ៌បៃតង និងជាឧស្សាហ៍កម្មគ្មានផ្សែងរបស់ប្រទេស។
ឯកឧត្តមបន្តថា មូលហេតុ ដែលក្រសួងជ្រើសរើសយកខេត្តនេះ ដើម្បីប្រារព្ធពិធីបុណ្យ ដោយ​សារបណ្តាល​មកពីខេត្តមួយនេះ ស្ថិតនៅលើឆ្នេរ ដែលអាចឲ្យអ្នកទេសចរណ៍មើល​ឃើញ​នូវរាល់ទេសភាពដ៏ស្រស់ត្រកាលនានាបាន ទោះបីខេត្តនេះ ជាខេត្តតូចជាងគេ ក្នុងចំណោម​ខេត្ត​ជាប់ឆ្នេរសមុទ្រ​ទាំង៤​ក្តី ហើយខេត្តនេះ ពិតជាស័ក្តិសមសម្រាប់ការ​ប្រារព្ធពិធីបុណ្យនេះ​ ។ ឯកឧត្តមរំពឹងថា ក្រោយពីពិធីបុណ្យនេះរួច កំណើនភ្ញៀងទេសចរណ៍ នឹងមាន​ការ​កើនឡើង ប្រមាណ៥០ភាគរយ ដូចនៅខេត្តព្រះសីហនុដែរ។
ក្រសួងទេសចរណ៍ បានលើកយកខ្លឹមសារ៤ចំណុច នៃពិធីបុណ្យសមុទ្រ មានន័យថា ទី​១ ​ ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​​របស់​កម្ពុជា​​ ​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​បាន​ស្គាល់  ​ទី២​ ​ ​​លើក​កម្ពស់​ ឧស្សាហកម្ម​ទេស​ចរណ៍​​ឲ្យ​​កាន់​តែ​រឹង​មាំ​ ទី៣​ ​អនុវត្តន៍ និង​ រៀប​ចំ​​ជាក់​​ស្ដែង​ ដូច​ប្រ​ទេស​​ជា​​​សមាជិក​ក្លិប​ឆ្នេរ​ទាំង​២៧​​លើ ពិភព​លោក​​​ ដែល​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​នេះ និង​ទី៤ ​ ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​ និង​​​ក្រសួង​ពាក់ព័ន្ធ ធ្វើយ៉ាងណាជួយ​ថែរក្សា​ឆ្នេរ​សមុទ្រ​ ឲ្យ​មាន​អនាម័យ​ និង​ មាន​សោភ័ណភាព​។
គួររំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ កម្ពុជា បាន ប្រារព្ធពិធីបុណ្យសមុទ្ររបស់ខ្លួនជាលើកដំបូង ដោយទទួលបានភ្ញៀវទេសចរណ៍ជាតិ  និង​អន្តរជាតិ ប្រមាណជិត​១សែននាក់ចូលរួម បន្ទាប់​ពី​ឆ្នេរ​សមុទ្រ​ ​​​ប្រវែង​៤៤០​ គីឡូ​ម៉ែត្រ ​​របស់​កម្ពុជា ​ជាប់​ចំណាត់ថ្នាក់ជា​សមាជិក​ក្លិប ​ដែលឆ្នេរ​សមុទ្រស្រស់​ស្អាត​បំផុត​លើ​ពិភពលោក​​ កាល​ពីថ្ងៃ​ទី​២៦​ ខែឧសភា​ ២០១១​​ នៅ​ប្រទេស​សេណេហ្គាល់។

No comments:

Post a Comment