Monday, November 26, 2012

ប្រមុខ​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី ពិភាក្សា​ពី​បញ្ហា​អាស៊ាន​ រឿងសមុទ្រចិន



ប្រមុខការទូតកម្ពុជា និងឥណ្ឌូណេស៊ី ពិភាក្សាពីបញ្ហាអាស៊ាន រឿងសមុទ្រចិន
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ព្រឹក​ថ្ងៃ​ទី​១៩​កក្កដា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួងការបរទេស បានទទួល​ជួប​រដ្ឋមន្ត្រី​ការ​​បរទេស​ឥណ្ឌូណេស៊ី លោក ម៉ា​ទី ណា​តាឡេ​ហ្គា​វ៉ា ( Marty Natalegawa ) ដើម្បីពិភាក្សា​ទ្វេភាគី​ បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ានលើក​ទី​៤៥ ដែល​បាន​បិទ​បញ្ចប់កាល​ពី​សប្តាហ៍​មុន នៅក្នុង​រាជធានី​ភ្នំពេញ។
ក្រោយជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រ​តិបត្តិការណ៍​អន្តរជាតិ មានប្រសាសន៍ថា "​កិច្ចពិភាក្សា​ទ្វេភាគិ​នេះ ដើម្បី​រកគន្លឹះរក្សា​ការឯកភាព​គ្នា​ក្នុង​អាស៊ាន​។ ជាលទ្ធផល នោះ​ គឺ​​ឯកភាពគ្នា​លើ​ចំណុចច​ជា​គោលការណ៍​មួយចំនួន ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។
ឯកឧត្តមបញ្ជាក់ថា  ឯកឧត្តម​នឹង​ផ្ញើ​ចំណុច​នៃ​គោលការណ៍​នេះ សុំ​ការបញ្ជាក់​យល់ព្រម​ពី​សហ​សេ​វឹក ជា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដើម្បី​សុំ​ការយល់ព្រម​លើ​ចំណុច​នៃ​គោលការណ៍​ទាំងនេះ​នៅ​ពេល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ផ្សេង​ទៀតយល់ស្រប​ហើយ នៅ​រសៀលថ្ងៃទី​២០​កក្កដា ឆ្នាំ​២០១២ ឯកឧត្តមនឹងធ្វើសន្នសីទកាសែតម្តងទៀត"​។​

ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានលើក​ទី​៤៥ មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន​ ដោយសារ​សមាជិក​អាស៊ាន​ខ្លះ ​យក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងធ្វើ​ចំណាប់ខ្មាំង​។
ឯកឧត្តម ម៉ា​ទី បានប្រាប់ក្រុមអ្នកយកព័ត៌មាន​ថា កាលពីថ្ងៃពុធ លោក​បាន​អញ្ជើញទៅជួប​សម​ភាគី​ហ្វីលីពីន ហើយ​ឯកឧត្តមនឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត ដើម្បី​កាត់បន្ថយ​ការ​បែកបាក់​បន្ថែមទៀត និង​ធ្វើឲ្យប្រសើរឡើងវិញរវាងសមាជិក​អាស៊ាន​ទាំងអស់។

គួររំលឹកថា  ក្រោយពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន មិន​អាចចេញ​សេចក្តីថ្លែងការណ៍រួម​បាន​ ដោយ​សារ​ប្រទេស​ហ្វីលីពីន បានទាមទារ​ឲ្យ​បញ្ចូល​បញ្ហា​ជម្លោះ​កោះ Scarborough Shoal ទៅក្នុងរបៀប​វារៈ នៃកិច្ចប្រជុំ។

កម្ពុជា រៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី២១



កម្ពុជា រៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី២១


 កិច្ចការសម្របសម្រួលអ្នកសារព័ត៌មាន ការសមក្បូនដង្ហែរថ្នាក់ដឹកនាំប្រទេសមហា​អំណាច​ធំៗ ការសមក្បូនរក្សាសន្តិសុខ និងកិច្ចការពាក់ព័ន្ធជាច្រើនផ្សេងទៀត កំពុងតែមមា​ញឹក​ជាខ្លាំង ដើម្បីបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងដឹកនាំកិច្ចប្រជុំកំពូល​អាស៊ានលើកទី២១ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១២ខាងមុខ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ្ញារិទ្ធ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌​មាន​នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១២ឱ្យដឹងថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ច្រើន​ជាង​១៦០០នាក់ បានចុះឈ្មោះ ដើម្បីឈានដានយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន​លើកទី២១​នៅកម្ពុជា។
         
ប្រធានក្រុមផ្នែកចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ លោក ជា កែវចិន្តា បានមាន​ប្រសាន៍ប្រាប់ទូរទស្សន៍ហង្សមាសHDTVឱ្យដឹងថា ចំនួនអ្នកចុះឈ្មោះដើម្បីតាមដានកិច្ច​ប្រជុំ​កំពូល​អាស៊ាននាខែវិច្ឆិកាខាងមុខនេះ អាចកើនឡើងលើស១៦០០នាក់ ដោយសារក្នុងមួយ​ថ្ងៃៗ លោក ទទួលបានអ្នកចុះឈ្មោះថ្មីជាបន្តបន្ទាប់រាប់សិបនាក់ ហើយអ្នកសារព័ត៌មានជាតិ មានចំនួនច្រើនជាងគេ ចំណែកអ្នកសារព័តមានអន្តរជាតិវិញ ។
លោក ជា កែវចិន្តា បានបន្ថែមទៀតថា ក្រុមការងាររបស់លោក មានការមមាញឹកខ្លាំង ក្នុង​ការទទួល និងត្រួតពិនិត្ររាល់ទន្និន័យរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមាន​បំណង​ចុះឈ្មោះយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខ។

ក្រៅពីបញ្ហាសម្របសម្រួលអ្នកសារព័ត៌មាន បញ្ហាសន្តិសុខ ក៏កំពុងត្រូវបានរឹតបន្តឹងផងដែរ ដោយនាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ កងកម្លាំងប្រដាប់អាវុធ ត្រូវបានហាត់សម ដើម្បីការពារ និងរក្សាសន្តិសុខជូនថ្នាក់ដឹកនាំកំពូលដែលគម្រោងនឹងចូលរួមកិច្ចប្រជុំកំពូល​អាស៊ានលើកទី២១។
អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក  លោក បារ៉ាក់ អូបាម៉ាដែលទើបជាប់ឆ្នោតសាជាថ្មី នឹងអញ្ជើញមកប្រទេសកម្ពុជា ចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន បូកអាមេរិក និងដៃគូផ្សេងទៀត ហើយថ្នាក់ដឹកនាំកំពូលផ្សេងទៀត ដូចជា នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីគូ ណូដា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកស្រី ជូលា ហ្គីឡាត (Julia Gillard)  នាយករដ្ឋមន្រ្តីរុស្ស៊ី លោក ប្លាឌឺមៀ ពូទីន នាយករដ្ឋមន្រ្តីចិន វិន ជាបាវ និងថ្នាក់កំពូលផ្សេងៗទៀត ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាផងដែរ  
សូមជម្រាបថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងអាស៊ានបូកអាមេរិក និងកិច្ចប្រជុំដាច់ដោយឡែកផ្សេងៗទៀតជាមួយ ចិន ជប៉ុន កូរ៉េខាងត្បួង រុស្ស៊ី កាណាដា អូស្ត្រាលី ឥណ្ឌា ជាដើម។
គួរបញ្ជាក់ឱ្យដឹងថា ប្រទេសជាសមាជិកអាស៊ាន រួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ថៃ ព្រុយណេ វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាដែលប្រទេសទាំង១០នេះ មានការបេជ្ញាខ្ពស់ ក្នុងការបង្កើតសហគមន៍អាស៊ានតែមួយក្នុងឆ្នាំ២០១៥ខាងមុខ។

កម្ពុជា នៅឱ្យអាមេរិកលុបបំណុល



កម្ពុជា នៅតែចង់ឱ្យអាមេរិកលុបបំណុល

 ដោយសារតែមើលឃើញថាបំណុលដែលកម្ពុជាជំពាក់នៅក្នុងទសវត្ស៧០ ជាជំនួយទិញ​អាវុធធ្វើ​សង្គ្រាម និងសម្លាប់ប្រជាពលរដ្ឋខែ្មររាប់លាននាក់នោះ រដ្ឋាភិបាលកម្ពុជា នៅតែចង់ឱ្យ​អាមេរិកលុបបំណុលទាំងនោះ បើទោះបីអាមេរិក យល់ព្រមឱ្យកម្ពុជាសងម្តងបន្តិចៗ​ជាពី​ដំណាក់​ក៏ដោយ។
នៅពេលដែលលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាឈានជើងដល់ទឹកដីកម្ពុជាភ្លាម ប្រមុខរដ្ឋាភិបាលកម្ពុជាមិនភ្លេចទេបានលើកយកបញ្ហាបំណុលដែលកម្ពុជាជំពាក់ក្នុងទស្សវត្សឆ្នាំ៧០សម័យរដ្ឋាភិបាលលោកលន់ណុលមកពិភាក្សាភ្លាម ។ប៉ុន្តែបំណងដែលកម្ពុជាចង់បាន​ឲ្យ​អា​មេរិកលុបចោលបំណុលនេះទាំងស្រុង ត្រូវបានខកចិត្តទៅវិញ ព្រោះអាមេរិកមិន​បាន​លុបបំណុលនេះចោលទេគ្រាន់តែបន្ថាយការប្រាក់ឲ្យមកសល់ត្រឹម១ភាគរយហើយសងបន្តិចម្តងៗជាពីដំណាក់កាលក្នុងរង្វង់ទឹកប្រាក់ជំពាក់សរុបទាំងការទាំងដើមជាង៤០០លានដុល្លាសហរដ្ឋអាមេរិក។នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ និងលោក បារាក់ អូបាម៉ាជាង៤០នាទី​សម្តេចបានលើកឡើងអំពីបញ្ហាបំណុលនេះមុនគេ បន្ទាប់មកក៏មានការលើកឡើងអំពីបញ្ហា​សិទ្ធ​មនុស្ស សកម្មជនបក្សប្រឆាំង អ្នកទោសនយោបាយ បញ្ហាដីធ្លី និងតួនាទីកណកម្មការ​ជាតិរៀបចំការបោះឆ្នោត។
ក្រោយជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងសម្តេចតេជោ ហ៊ុន សែនរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនៅក្នុងសន្និសីទប្រាប់អ្នកកាសែតថា​ នៅក្នុងកិច្ចជំនួបទ្វេរ​ភាគី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាបំណុលដែលកម្ពុជាជំពាក់សហរដ្ឋ​អាមេរិក​នៅក្នុងសម័យ លុន នុលមានត្រឹមតែ១៦២លានដុល្លារអាមេរិកក្នុងចន្លោះ​ឆ្នាំ១៩៧០​ដល់ឆ្នាំ១៩៧៥ ប៉ុន្តែបើគិតមកទល់ពេលនេះ ដោយបូកបន្ថែមជាមួយអត្រាការប្រាក់ បំណុល​នោះ បានកើនឡើងច្រើនជាង៤០០លានដុល្លារអាមេរិក។
ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែនចង់ប្រើប្រាស់យន្តការ​ចរចារបញ្ហានេះ​ទ្វេរភាគី ដើម្បីដោះស្រាយបញ្ហាបំណុលទាំងនោះ​​។
 លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានយល់ព្រមថាបំណុលនេះអាមេរិកសំរេចឲ្យ​កម្ពុជាសងជាដំណាក់កាលៗ ហើយកម្ពុជាសង់គិតអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ១% ក្នុងរយ:ពេលពីដំណាក់កាល តែប្រាក់បំណុល៧០ភាគរយត្រូវបង្វែរមកឲ្យ​កម្ពុជាវិញតាមរយ:ការ​អភិវឌ្ឍន៍សង្គម ដូចជាវិស័យអប់រំ ការអភិរក្សវប្បធម៌ និងការដោះមីនជាដើម។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រមានប្រសាសន៍ថា អាមេរិក គួរតែគិតឡើងវិញពីព្រោះ​បំណុល​ដែលកម្ពុជាជំពាក់នៅក្នុងទសវត្សទី៧០មិនមែនជាជំនួយ​សម្រាប់អភិវឌ្ឍន៍ប្រទេស​កម្ពុជាទេ តែជាជំនួយគ្រឿងសព្វាវុធសំរាប់ធ្វើសង្គ្រាមនៅកម្ពុជាដែលធ្វើឲ្យ​កម្ពុជាវិនាសហិន​ហោច និងប្រជាជនរាប់លាននាក់។
គួរបញ្ជាក់ថា សម័យនៅឥណ្ឌូចិនក្នុងទសវត្សទី៧០ដែលរីករាលដាលមកដល់កម្ពុជា អាមេរិក បានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា ប្រមាណ៥,៨លានគ្រាប់ជាប្រភេទគ្រាប់បែកចង្កោម គិតជាទង្ងន់ជាង៥សែនតោន បើប្រៀបធៀបទៅសង្រ្គាមលោកលើកទី២នៅប្រទេសជប៉ុន គិតជាភាគរយ កម្ពុជាលើសភាគរយរហូតដល់៣៥០ភាគរយ តែបើគិតជាទង្ងន់គ្រាប់វិញ នៅប្រទេសជប៉ុន មានត្រឹមតែជាង១សែន៥ម៉ឺនតោន។ ដូច្នេះ សង្រ្គាមសម័យឆ្នាំ៧០ បើមិន​ការជួយអន្តរាគមន៍ ពីកងទ័ពសហរដ្ឋអាមេរិកទេ ម្លេះសេនាប្រមុនលុន នុល មិនអាច​ធ្វើរដ្ឋ​ប្រហារទម្លាក់ព្រះមហាវិរក្សត្រ នរោត្តម សីហនុ នៅពេលនោះបានទេ។ បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប បានបញ្ជាក់ថា សហរដ្ឋអាមេរិក គួរតែលុបបំណុលនេះចេញ ព្រោះបំណុលដែលកម្ពុជាជំពាក់ ជាបំណុលដែលធ្វើឱ្យកម្ពុជា​រងទុក្ខដោយសារសង្គ្រាម ស្លាកស្មាម ភស្តុតាង មិនទាន់អស់នៅឡើយទេ ប្រជាជនកម្ពុជា​ជិត១លាននាក់ បានស្លាប់នៅក្នុងសង្រ្គាមនោះ ហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង ត្រូវបានរលាយ​ហិចហោច។ មន្រ្តីនោះ បញ្ជាក់ទៀតថា បំណុលជាង៤០០លានដុល្លារអាមេរិក គិតទាំង​ការ​ប្រាក់ គឺជាបំណុលដែលរដ្ឋាភិបាលសេនាប្រមុខលុន នុល បានខ្ចីសហរដ្ឋអាមេរិកទិញ​សញ្វាវុធ និងស្បៀងអាហារសម្រាប់ផ្គត់ផ្គង់កងទ័ព៕

កិច្ចប្រជុំកំពូលអាស៊ាន នឹងមិនផ្តោតលើទំនប់វារីអគ្គិសនី សាយបុរីទេ



កិច្ចប្រជុំកំពូលអាស៊ាន នឹងមិនផ្តោតលើទំនប់វារីអគ្គិសនី សាយបុរីទេ

 អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលនឹង ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ វិច្ឆិកា ខាងមុខនេះ នឹងមិននិយាយអំពីបញ្ហា ទំនប់ វា រីអគ្គិសនី សាយ៉ាបុរីទេ។

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមាន ប្រសាសន៍ប្រាប់ទូរទស្សន៍ហង្សមាស កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ថា កិច្ចប្រជុំកំ​ពូល​នេះ នឹងមិនមលើកយកបញ្ហា នៃប្រ​ទេសជិតខាងមកពិភាក្សានោះទេ ជាពិសេសបញ្ហាការ​សាងសង់ទំនប់វារីអគ្គិនីសាយ៉ាបុរី របស់​ប្រទេសឡាវដ៏ម្រូងចម្រាស់ ។
ឯកឧត្តមបន្តថា បញ្ហា ផលប៉ះពាល់របស់ទំនប់វារីអគ្គិសនី ដែលមានកម្លាំងឋាមពលជាង ១ពាន់មេហ្គាវ៉ាត់នេះ គឺជាតួនាទីរបស់គណៈកម្មការតំបន់ទន្លេមេគង្គ​ជាអ្នកដោះស្រាយ និង​ទទួលខុសត្រូវ។ ឯកឧត្តមបញ្ជាក់ទៀតថា បន្ទាប់ពីមានការពន្យល់ហេតុផលពីអ្នកជំនាញ និងរដ្ឋាភិបាលឡាវ ចំពោះផលប៉ះ​ពាល់​ផ្សេងៗ នៃទំនប់នេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា ក៏បានឯក​ភាព​ចំពោះការសាងសង់នេះ ប៉ុន្តែ សម្តេចបានទាមទារឲ្យភាគីឡាវ ត្រូវគោរពនូវរាល់​លក្ខ​ខណ្ឌនានា ដែលនិរន្តរភាពបរស្ថាន ដែលប្រទេសពាក់ព័ន្ធ មានកម្ពុជា វៀតណាម ឡាវ និងថៃ បានធ្វើជាមួយ​គ្នា​កន្លងមក។
ខ្លឹមសារនៃ កិច្ចព្រមព្រៀង របស់គណៈកម្មការទន្លេមេគង្គ ឆ្នាំ១៩៥ បានឲ្យដឹងថា ការ​ប្រើ​​ប្រាស់​​ទន្លេមេគង្គ គណៈកម្មការទន្លេមេគង្គ ត្រូវធ្វើការពិគ្រោះយោបល់គ្នាជាមុន ដើម្បី​ឈាន ទៅដល់ការឯកភាព និងព្រមព្រៀងគ្នា  និងមិនត្រូវរំលោភសិទ្ធិលើប្រទេសណាមួយ ដែលជា សមាជិក​គណៈកម្មការទន្លេមេគង្គឡើយ ទោះបីជាការប្រើប្រាស់ទឹកទន្លេមេគង្គ ស្ថិត​ក្នុង​ក្រប​ខណ្ឌប្រ​ទេសរបស់ខ្លួនក្តី។ កិច្ចព្រមព្រៀងក៏ផ្តោតផងដែរ ថា ការប្រើប្រាស់ទឹកទន្លេមេគង្គ ត្រូវធ្វើឡើង​ក្នុងក្របខណ្ឌយុត្តិធម៌ និងសមធម៌។
បេសកកម្ម និងទំនួលខុសត្រូវរបស់គណៈកម្មការទន្លេមេគង្គ គឺផ្តោតលើការគ្រប់គ្រងអាងទឹក ទន្លេមេគង្គ គ្រប់គ្រងវិស័យជលផល ការគ្រប់គ្រងទឹកជំនន់ ស្វែងរកកាលានុវត្តភាព សម្រាប់​អភិវឌ្ឍ​វិស័យកសិកម្ម ការរក្សាឲ្យបាននូវសេរីភាពនៃនាវាចរណ៍ ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍវារីអគ្គិសនី ប្រកបដោយនិរន្តរភាព ផងដែរ។
យោងរបាយការណ៍បឋម ដែលរកឃើញដោយគណៈកម្មការទន្លេមេគង្គ កាលពីខែឧសភា ឆ្នាំ​២០១០ បានបង្ហាញថា កម្ពុជា នឹងក្លាយជាប្រទេស ដែលរងផលប៉ះពាល់ដោយប្រយោល ក្នុង​កម្រិតខ្ពស់ ពីការសំណង់ទំនប់របស់ឡាវ ប្រមាណ៤៣% និងវៀតណាម ២៣%  និងកាលពី ខែមីនា ឆ្នាំ២០១១ មានអង្គការសង្គមស៊ីលចំនួន ២៦៣ មកពីបណ្តាប្រទេស៥១ បានស្នើសុំ ឲ្យប្រទេសឡាវ លុបចោលគម្រោងសាងសង់វារីអគ្គិសនី ដ៏មានហានីភ័យនេះ។ ជាមួយគ្នា​នេះដែរ  កាល​ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១២​ អ្នកសម្របសម្រួលគោលនយោបាយ​ប្រចាំ​អាស៊ី​អគ្នេយ៍​​លោក ឃឺក ហឺប៊ឺក​សុន(Kirk Hrebertson) ​ បានលើកឡើងថា ទំនប់​វារី​អគ្គិសនី សាយ៉ាបុរី ដែល​សាសង់ដោយក្រុមហ៊ុន ឆ កានឆាង (Ch karnchang)របស់ថៃនេះ នឹងធ្វើ​ផល​ប៉ះពាល់​ធ្ងន់ ធ្ងរ​ភ្លាមៗ ដល់​បណ្តា​ប្រទេស ដែលស្ថិតក្នុងតំបន់ទន្លេមេគង្គក្រោម ក្នុងនោះ នឹង​ធ្វើឲ្យ​កំណក​ ឬលំហូរដី​ល្បាប់មាន​ការ​កកស្ទះ ខូច​គុណភាពទឹក ប៉ះពាល់ប្រព័ន្ធ​អេកូឡូ​ស៊ី ទិន្ន​ផល​ត្រីនឹង​មានការ​ថយ​ចុះ ហើយ​មនុស្ស ជាង៦៥ លាន​ នាក់ ក៏នឹងរងផលប៉ះពាល់​ ។
ដោយឡែក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីប្រទេសឡាវ បានធ្វើពិធីក្រុងពាលី បញ្ចុះ បឋមសិលា ដើម្បីសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបុរី អង្គការការពារសត្វព្រៃ ហៅកាត់ថា WWF បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសឡាវថា ការសាង់សង់​ទំនប់វារី​អគ្គិ​សនី របស់ប្រទេសឡាវនេះ គឺជាការមើលស្រាលចំពោះការសម្រេចចិត្តរបស់គណៈកម្មការ ទន្លេមេគង្គកាលពីខែធ្នូឆ្នាំ២០១១ ដែលស្នើឲ្យមានការពន្យាពេលសាងសង់។ អង្គការWWF ក៏ លើកឡើងផងដែរថា ការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបុរី របស់ឡាវ គឺកំពុងដាកនិរន្តរ ភាព នៃប្រព័ន្ធអេកូឡូស៊ី ទន្លេដ៏សំខាន់ នៅលើពិភពលោកមួយនេះ ឲ្យប្រឈមគ្រោះ មហន្ត​រាយ និងថា ទំនប់នេះ កំពុងបង្កគ្រោះថ្នាក់ដល់កិច្ចសហការក្នុងតំបន់ផងដែរ។
គួររំលឹកថា ចាប់តាំងពីគម្រោងសំណង់ទំនប់វារីអគ្គិនីនេះ ត្រូវបានភាគីឡាវស្នើឡើង តែភាគី កម្ពុជា និងវៀតណាម បាន​ជំទាស់ជានិច្ច ប៉ុន្តែ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រទេសឡាវ បាន​សម្រេច​ធ្វើពិធីបញ្ចុះបឋមសិលា ដើម្បីដំណើរការសាងសង់ទំនប់នេះ ជាផ្លូវការ។