Monday, November 26, 2012

ប្រទេសឡាវ នៅតែជម្នះសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរី



ប្រទេសឡាវ នៅតែជម្នះសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរី

 ជាច្រើនខែមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា វៀតណាម និងសង្គមស៊ីវិលជាច្រើនបាន ជំទាស់ ចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរី នៅប្រទេសឡាវ តែទីបំផុត ឡាវ នៅតែជម្នះសាងសង់ទំនប់ ដ៏ចម្រូងចម្រាស់នេះដដែល។

យោងការចេញផ្សាយរបស់កាសែតក្នុងស្រុកប្រចាំថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១២ បានឲ្យដឹងថា កាលពីថ្ងៃពុធ ប្រទេសឡាវ បានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលា ដើម្បីសាងសង់ទំនប់​វារីអគ្គិសនី សាយ៉ាបុរី ដែល​ត្រូវចំណាយទឹកប្រាក់ជាង៣ពាន់លានដុល្លារ និងមានកម្លាំងឋាម​ពលជាង​១ពាន់មេហ្គាវ៉ាត់ តាមការគ្រោងទុកហើយ បើទោះបីជាមានការជំទាស់ ដាច់អហង្កា ពីបណ្តាប្រទេសពាក់ព័ន្ធ ដូចជាកម្ពុជា វៀតណាម ព្រមទាំងសង្គមស៊ីវិល មួយ​ចំនួនក្តី ដោយ​កាល​ពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១២ ក្រសួងធនធានទឹកកម្ពុជា និង វៀត​ណាម បាន​ចេញ​សេច​ក្តីថ្លែង​ការរួមគ្នា ជំទាស់ទៅនឹងសកម្មភាពដ៏គឃ្លើនរបស់ប្រទេសឡាវ និងថៃ ដែល​នៅតែ​មានះ សាងសង់​ទំនប់វារីអគ្គិស​នីមួយ​នេះ ក្នុងនោះប្រជាពលរដ្ឋកម្ពុជា រួមនឹងព្រះសង្ឃ ជាង​២០០អង្គ ក៏បានដង្ហែ ក្បួន​ ជំទាស់ទៅនឹង​សកម្ម​ភាពសាង​សង់​ទំនប់ដ៏​ចម្រូងចម្រាស់នេះ​ផង​ ដែរ។
បន្ទាប់មកនៅដើមខែកញ្ញា ឆ្នាំ២០១២ ឯកឧត្តមលឹម គៀនហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម បាន​ប្រាប់ក្រុមអ្នកាសែតថា កម្ពុជា នៅតែជំទាស់ដាច់ខាត​ចំពោះការសាង​សង់​ទំនប់វារីអគ្គិសនី របស់ភាគីឡាវ ដរាបណាលទ្ធ​ផល​នៃការសិក្សា រកមិនទាន់ឃើញពីផលប៉ះ ពាល់ និងវាយតម្លៃច្បាស់លាស់។ ឯកឧត្តម​បញ្ជាក់ថា  កម្ពុជា និងវៀតណាម នឹងពិភាក្សា​​គ្នា ឲ្យបានល្អិតល្អន់ និង ស៊ីជម្រៅបន្ថែមទៀតពីបញ្ហានេះ ដោយភាគីឡាវ ក៏បានអញ្ជើញប្រតិភូ កម្ពុជា និងវៀតណាម ទៅពិនិត្យមើលផងដែរ ពីគម្រោងសាងសង់​ទំនប់វារីអគ្គិសនីសាយ៉ាបូរី ដែលឡាវអះអាងថា ខ្លួនមិនបានចាប់ផ្តើមសាងសង់ឡើយ។
ប៉ុន្តែកាលណោះ ដំណឹងនេះត្រូវបានខឹងសម្បារ និងជំទាស់មកវិញ ដោយលោកវីរ៉ាភុង វីរ៉ាវង់( Viraphonh Viravong) អនុរដ្ឋមន្រ្តី នៃក្រសួងរ៉ែ និង ថាមពលឡាវ ដោយលោកអះអាងថា ជា​កំហុសឆ្គង​ដ៏ធំមួយរបស់​អ្នក​កាសែត ព្រោះ​តាំងពីដើម​រៀង​មក ប្រទេសឡាវមិន​ដែលបាន​ចាប់​ផ្តើមសាងសង់ ទំនប់វារីអគ្គិសនីនេះ ម្តងណា​ឡើយ។
ដោយឡែក ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី១៣ខែកក្កដា ឆ្នាំ​២០១២ នៅឯទីក្រុង​សៀមរាប លោក​ជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋន្រ្តីថៃ បាន​ជម្រាប​ជូន​សម្តេចហ៊ុន សែនផងដែរថា ថា ​សំ​ណង់វារី​អគ្គិសនី​ខាងលើ ក្រុម​ហ៊ុនថៃ​នៅ​មិន​ទាន់​ដំណើរ​ការ​សាង​សង់​នៅ​​ឡើយ​ទេ ហើយ​ក្តីកង្វល់​របស់បណ្តាប្រទេសក្នុង​តំបន់ និងអង្គ​ការបរិស្ថាន​ពិភពលោកផងនោះ ប្រ​ទេសថៃ​ និងឡាវ​ ព្រមទាំងបណ្តា​ប្រទេស​​ជាសមាជិក​គណ​កម្ម​ការ​ទន្លេ​​មេ​គង្គផ្សេងទៀត នឹងធ្វើ​ការ​ពិភាក្សា​គ្នាឡើងវិញទៀត។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីឋាមពល អាស៊ាន លើក​ទី៣០ នាទី​ក្រុង​ភ្នំពេញ លោក ស៊ូលីវង្ស ដារ៉ាវង្ស រដ្ឋមន្រ្តី រ៉ែ និងឋាមពលឡាវ មានប្រសាសន៍​ថា ឡាវកំពុងព្យាយាម​ដំណើរការ ការសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរី ដ៏ចម្រូងចម្រាស់ ដែលនឹងត្រូវចំណាយទឹកប្រាក់ ប្រមាណជាង៣ពាន់លានដុល្លារសហរដ្ឋ​អាមេរិច ព្រោះជា​ឱកាស និងជាសិទ្ធិរបស់ឡាវ ក្នុងការសាងសង់។
លោក សមសាវ៉ាត ឡេងសាវ៉ាដ (Somsavat Legsavad) ឧបនាយករដ្ឋមន្រ្តី នៃប្រទេសឡាវ ដែលត្រូវបានអ្នកកាសែតដកស្រង់សម្តី បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃទី៦ វិច្ឆិកា ថា ប្រទេសឡាវ បានស្តាប់រាល់យោ បល់និងអនុសាសន៍ ពីបណ្តាប្រទេស តាមបណ្តោយដង​ទន្លេមេគង្គរួច​ហើយ ហើយកិច្ច​ពិភាក្សា បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការចាប់ផ្តើម​គម្រោង ដ៏​ចម្រូងចម្រាស់នេះ។
យោងតាមកិច្ចព្រមព្រៀង ដែលចុះរួមគ្នាកន្លងមក មានខ្លឹមសារថា ប្រទេសទាំងអស់ នៃតំបន់​ទន្លេ​មេគង្គ ដែលមានកម្ពុជា ឡាវ វៀតណាម និងថៃ ត្រូវតែយល់ព្រមលើកិច្ចព្រមព្រៀង គម្រោង​​ទំបន់វារីអគ្គិសនីណាមួយ ទើបភាគីពាក់​ព័ន្ធខាងលើអាច​ដំណើរការសាងសង់បាន ហើយតាំង​ពីដើមរៀងមក កម្ពុជា និងវៀត​ណាម​បានជំទាស់​យ៉ាង​ខ្លាំងក្លា ចំពោះគម្រោងទំនប់​សាយ៉ាបុរី​នេះ ព្រោះទំនប់នេះ នឹងធ្វើឲ្យ​ប៉ះ​ពាល់​ដល់សក្តានុពល​ជីវចម្រុះ បរិស្ថាន និងជីវិត​រស់​នៅរបស់​មនុស្ស និងសត្វរាប់លានជីវិត នៅកម្ពុជា និងវៀត​ណាម ។
នៅដើមខែវិច្ឆិកា ឆ្នាំ២០១២ នេះ ក្នុងដំណើរទស្សនកិច្ច នៅឯការដ្ឋានសាងសង់ទំនប់វារីអកគ្គិ សនីសាយ៉ាបុរី ប្រទេសឡាវ ឯកឧត្តមលឹម គៀនហោ បានមានប្រសាសន៍ ប្រាប់អ្នកសារ​ព័ត៌មានថា ទំហំផលប៉ះពាល់ នៃទំនប់នេះ ឯកឧត្តមមិនទាន់អាចវាយតម្លៃបានទេ ដោយទុក​ឱកាសឲ្យរាជរដ្ឋាភិបាល ជាអ្នកកំណត់ និងសម្រេច។
កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានរដ្ឋហរខាំ នៃប្រទេសឡាវ ក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន បានជម្រាបឯកឧត្តម ជុំម៉ាលី សាំយ៉ាសន ប្រធា នាធិបតីឡាវ ថា កម្ពុជា មិនជំទាស់ នឹងការសង់សង់ទំនប់វារីអគ្គិសនីនេះទេ ប៉ុន្តែកម្ពុជា ស្នើឲ្យ ភាគីឡាវ គោរពលក្ខខណ្ឌ ដែលបានព្រមព្រៀងជាមួយគ្នានាពេលកន្លងមក ដូចជាការ បង្វែរ ចរន្តទឹក នៃអាងទន្លេមេគង្គជាដើម។
គួររំលឹកថា កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១២​អ្នកសម្របសម្រួលគោលនយោបាយ​ប្រចាំអាស៊ី​អគ្នេយ៍​​លោក ឃឺក ហឺប៊ឺក​សុន(Kirk Hrebertson) ​ ប្រសាសន៍ថា ទំនប់​វារី​អគ្គិសនី សាយ៉ាបុរី ដែលត្រូវសាសង់ដោយក្រុមហ៊ុន ឆ កានឆាង (Ch karnchang)របស់ថៃនេះ នឹងធ្វើ​ផល​ប៉ះពាល់​ធ្ងន់ ធ្ងរ​ភ្លាមៗ ដល់​បណ្តា​ប្រទេស ដែលស្ថិតក្នុងតំបន់ទន្លេមេគង្គក្រោម ក្នុងនោះ នឹងធ្វើឲ្យ​កំណក​ ឬលំហូរដី​ល្បាប់ មាន​ការ​កកស្ទះ ខូច​គុណភាពទឹក ប៉ះពាល់ប្រព័ន្ធ​អេកូឡូ​ស៊ី ទិន្ន​ផល​ត្រីនឹងមានការ​ថយ​ចុះ ហើយ​មនុស្ស ជាង៦៥ លាន​ នាក់ ក៏នឹងរងផលប៉ះពាល់​ផង​ដែរ។
ជាមួយគ្នានេះ លោក Teerapong Pomund មន្ត្រី​នៃ​អង្គការ Living Group Siam សម្ព័ន្ធ​អ្នក​អភិរក្ស​ និង​ក្រុម​សហគមន៍​ ក្នុង​ប្រទេស​​ថៃ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១២ បាន​ថ្លែង​ថា សម្ព័ន្ធ​អ្នក​អភិរក្ស​ នឹង​ប្តឹង​រាជរដ្ឋាភិបាល​ថៃ និង​ក្រុម​ហ៊ុន​បង្កើត​អគ្គិ​សនី​របស់​ប្រទេស​ថៃ​(EGAT) ផងដែរ ដែល​បានចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​ថាមពល​អគ្គិសនី ជាមួយ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា​ ឆ្នាំ២០១១។
លោក Pomund បន្ត​ថា​៖ រឿងធំបំផុត គឺ​រដ្ឋាភិបាល​ថៃ​ បានបរាជ័យ​ ដោយមិន​អាច​គោរព​តាម រដ្ឋ​ធម្ម​នុញ្ញ​​ ដែលមានន័យថា ​ត្រូវ​តែផ្តល់​ព័ត៌មាន​ដល់សាធារណ​ជន​ នៅ​មុន​ពេល​ធ្វើ​សកម្ម​ភាព​ណា មួយ​ដែល​នឹង​ប៉ះ​ពាល់​ដល់​សុខភាព ​ប៉ះពាល់ដល់បរិស្ថាន និង​សហគមន៍​ នៅមូល​ដ្ឋាន​កើត​ឡើង»         

No comments:

Post a Comment