Monday, November 26, 2012

រដ្ឋាភិបាល ហ្វាំងឡង់ នឹងស៊ើបអង្កេតលើក្រុមហ៊ុន សាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរី



រដ្ឋាភិបាល ហ្វាំងឡង់ នឹងស៊ើបអង្កេតលើក្រុមហ៊ុន សាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរី

ប្រទេសហ្វាំងឡង់ កាលពីពេលថ្មីៗបានឲ្យដឹងថា ខ្លួននឹងធ្វើការស៊ើបអង្កេតមួយ​ទៅលើ​ក្រុម​ហ៊ុន Po yry  ដែលជាក្រុមហ៊ុនពហុជាតិ ផ្នែកវិស្វកម្ម និងប្រឹក្សាលើគម្រោងសាងសង់ទំនប់​សាយ៉ាបុរី ដែលមានកម្លាំងឋាមពលជាង២០០០មេហ្គាវ៉ាត់ នៅប្រទេសឡាវ។

យោងសេចក្តីជូនដំណឹង របស់ក្រសួងការងារ និង សេដ្ឋកិច្ច នៃប្រទេសហ្វាំងឡង់ ដែលត្រូវ​បាន​ដកស្រង់ ដោយកាសែតក្នុងស្រុកបានឲ្យដឹងថា ប្រទេសហ្វាំងឡង់ នឹងធ្វើការស៊ើបអង្កេត ទៅលើក្រុមហ៊ុន Po yry ដែលជាក្រុមហ៊ុនពហុជាតិ មានទីតាំងនៅប្រទេសហ្វាំងឡង់ ក្រោយ​ពីប្រទេសនេះ ទទួលបាន​ពាក្យ​បណ្តឹង​ពីអង្គការក្រៅរដ្ឋាភិបាលចំនួន១៥ ទាមទារ​ឲ្យរដ្ឋាភិ​បាល​ហ្វាំងឡង់ពិនិត្យ និង​ពិចារណា ទៅលើការសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរីដ៏ចម្រូង​ចម្រាស់។
ក្នុងពាក្យបណ្តឹង ដែលសង្គមស៊ីវិលទាំង១៥ ប្តឹងទៅប្រទេសហ្វាំងឡង់ មានខ្លឹមសារថា ក្រុម ហ៊ុនPo yry បានល្មើសនឹងស្តង់ដារពាណិជ្ជកម្ម ដែលទទួលខុសត្រូវដោយប្រទេសហ្វាំងឡង់ និង បានខ្ជះខ្ជាយមូលនីធិ សាធារណៈតាមរយៈការធ្វើប្រឹក្សា គំាទ្រលើគម្រោងសាងសង់​ទំនប់​វារីអគ្គិសនីសាយ៉ាបុរី ទោះបីទំនប់នេះ ត្រូវបានជំទាស់យ៉ាងដាច់អហង្កា ដោយប្រទេសកម្ពុជា និងវៀតណាមក្តី។

ក្នុងពាក្យបណ្តឹងដដែលបន្តថា ក្រុមហ៊ុន Po yry គួរទាក់ទងគណៈកម្មការទន្លេមេគង្គជាមុន មុនពេលខ្លួនអនុវត្តការងារជាក់ស្តែង ដើម្បីគោរពការសន្យារបស់ប្រទេសឡាវ ក្រោមកិច្ចព្រម ព្រៀងមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៥។
យោងកិច្ចព្រមព្រៀងនេះ ប្រទេសទាំងអស់ នៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា ឡាវ វៀតណាម និងថៃ ត្រូវតែព្រមព្រៀងលើគម្រោងទំបន់វារីអគ្គិសនីណាមួយ ទើបភាគីពាក់​ព័ន្ធខាងលើអាច​ដំណើរការសាងសង់បាន ហើយតាំងពីដើមរៀងមក កម្ពុជា និងវៀតណាម​បានជំទាស់​យ៉ាង​ខ្លាំងក្លា ចំពោះគម្រោងទំនប់សាយ៉ាបុរីនេះ ព្រោះទំនប់នេះ នឹងធ្វើឲ្យប៉ះ​ពាល់​ដល់សក្តានុពល​ជីវចម្រុះ បរិស្ថាន និងជីវិតរស់នៅរបស់មនុស្ស និងសត្វរាប់លានជីវិត នៅកម្ពុជា និងវៀត​ណាម ។
គួររំលឹកថា កាលពីដើមខែកញ្ញា ឆ្នាំ២០១២ ឯកឧត្តមលឹម គៀនហោ រដ្ឋមន្រ្តីក្រសួងធនធាន​ទឹក និង ឧតុនិយម បាន​ប្រាប់ក្រុមអ្នកាសែតថា កម្ពុជា នៅតែជំទាស់ដាច់ខាត​ចំពោះការសាង​សង់​ទំនប់វារីអគ្គិសនី របស់ភាគីឡាវ ដរាបណាលទ្ធ​ផល​នៃការសិក្សា រកមិនទាន់ឃើញពីផល​ប៉ះពាល់ និងវាយតម្លៃច្បាស់លាស់។
ឯកឧត្តម​បញ្ជាក់ថា  កម្ពុជា និងវៀតណាម នឹងពិភាក្សា​​គ្នា ឲ្យបានល្អិតល្អន់ និង ស៊ីជម្រៅ​បន្ថែម​ទៀតពីបញ្ហានេះ និងថា ភាគីឡាវ ក៏បានអញ្ជើញប្រតិភូ កម្ពុជា និងវៀតណាម ទៅ​ពិនិត្យ​មើលផងដែរ ពីគម្រោងសាងសង់​ទំនប់វារីអគ្គិសនីសាយ៉ាបូរី ដែលឡាវអះអាងថា ខ្លួនមិនទាន់បានចាប់ផ្តើមសាងសង់នៅឡើយទេ ហើយភាគីកម្ពុជា នឹងចុះទៅពិនិត្យ នៅរដូវ​សម្រក​នេះ​។

No comments:

Post a Comment