កម្ពុជាត្រូវចាកចេញឲ្យផុតពីឋានៈជាប្រទេសមានចំណូលទាប
ថ្លែងក្នុងពិធីប្រារឰខួបឆ្នាំទី២០នៃភាពជាដៃគូ
រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី នៅវិមានសន្ដិភាព កាលពីរសៀលថ្ងៃទី២១ខែវិច្ឆិកា
សម្ដេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍ថា៖ចក្ខុវិស័យរបស់កម្ពុជា នៅឆ្នាំ២០៣០ខាងមុខ
កម្ពុជានឹងត្រូវចាកចេញឲ្យផុតពីឋានៈជាប្រទេសដែលមានចំណូលទាប
ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលថា ក្រោមការជួយគាំទ្រពី ធនាគារអភិវឌ្ឍន៍អាស៊ី
រាជរដ្ឋាភិបាលដែលមានឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ(SNEC)ជាស្ថាប័ននាំមុខកំពុងរៀបចំយុទ្ធសាស្ដ្រស្ដីពីចក្ខុវិស័យរបស់កម្ពុជាសម្រាប់ឆ្នាំ
២០៣០ ដែលគោលដៅចម្បងគឺ កម្ពុជាត្រូវចាកចេញឱ្យផុតពីឋានៈនៃ ប្រទេសមានចំណូលទាប ហើយឡើងឋានៈទៅជា
ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅប៉ុន្មានឆ្នាំខាងមុខ និងទៅជាប្រទេសមានចំណូលមធ្យម
កម្រិតខ្ពស់នៅឆ្នាំ២០៣០។គោលដៅបន្ទាប់ទៀតគឺត្រូវសម្រេចឱ្យបាននូវការទ្បើងឋានៈជាប្រទេសអភិវឌ្ឍន៍
នៅឆ្នាំ២០៥០ ដោយមិនត្រូវទុក ឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់នៃអង្គប់នៃប្រទេសមានចំណូលមធ្យមឡើយ)។
សម្តេចតេជោបន្តថា៖ ដើម្បីសម្រេចឲ្យបាននូវគោលដៅខាងលើ
កម្ពុជាត្រូវខិតខំសម្រេចឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាធម្មតាលើសពី៧%
ក្នុងមួយឆ្នាំ សម្រាប់រយៈពេលវែង ហើយត្រូវបែងចែកកំណើននេះប្រកបដោយសមធម៌ ។
សម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានបង្ហាញនូវក្តីសង្ឃឹមផងដែរថា
ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានឯកឧត្ដម ហារូហ៊ីកូ គូរូដា(Haruhiko Kuroda)ជាប្រធាន
នឹងនៅតែបន្ដផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈការជំរុញនូវកិច្ចសហប្រតិបត្ដិការលើវិស័យអាទិភាពឱ្យបានកាន់តែរឹងមាំថែមទៀត
ក្នុងគោលដៅបន្ដជួយអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកម្ពុជា និងស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី
បន្ដជួយកៀគរទាំងធនធានហរិញ្ញវត្ថុ និងផ្នែកជំនាញ និងចំណេះដឹងពីធនាគារអភិវឌ្ឍន៍អាស៊ី
និងពីប្រភពខាងក្រៅផងដែរ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ
២០៥០ ខាងមុខ ដែលធ្វើឲ្យកម្ពុជាចាកផុតពីប្រទេសដែលមានចំណូលទាបដូចការរំពឹងទុក ។
No comments:
Post a Comment